(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាដាច់ខាតឱ្យ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ដាច់ខាតកុំឲ្យមានការនាំចូលគ្រឿងញៀន ដោយបង្កប់នៅក្នុងអាហារ ឬសម្ភារៈផ្សេងៗទៅក្នុងអគារកំពុងធ្វើចត្តាឡីស័ក។
តាមរយៈបណ្តាញព័ត៌មាន Fresh News លោក ឃួង ស្រេង បានបញ្ជាក់ដូច្នេះថា៖ «សូមជម្រាបមកលោក-លោកស្រីអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបណ្តាទីតាំងធ្វើចត្តាឡីស័ក (Lockdown) ក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួននីមួយៗ ដោយសហការជាមួយម្ចាស់ទីតាំង រឺរដ្ឋបាលនៃអគារត្រូវ Lockdown នីមួយៗ ដើម្បីបង្កើតទំនាក់ទំនងល្អរវាងអាជ្ញាធរ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅខាងក្នុងអគារ ជាពិសេសត្រូវយកចិត្តទុកដាក់លើការផ្តល់អាហារូបត្ថម្ភ និងបញ្ហាជំងឺឈឺស្កាត់ផ្សេងៗរបស់ពួកគាត់»។
លោកបានបន្ថែមថា «ជាមួយគ្នានេះ លោក-លោកស្រី ត្រូវប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់ ទប់ស្កាត់ដាច់ខាតកុំឲ្យមានការនាំចូលគ្រឿងញៀន ដោយបង្កប់នៅក្នុងអាហារ រឺសម្ភារៈផ្សេងៗទៅក្នុងអគារកំពុងធ្វើចត្តាឡីស័ក។ សូមលោក-លោកស្រី អនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់»៕