(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៩ ខែកុម្ភៈនេះថា រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១ ខែមីនាស្អែកនេះ នឹងចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណង នូវទឹកប្រាក់ចំនួនជិត៨០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់សកម្មភាព វិស័យសន្តិសុខស្បៀង និងកំចាត់មីននៅកម្ពុជា។
យោងតាមលិខិត របស់ស្ថានទូតជប៉ុន ដែល Fresh News ទទួល បានឲ្យដឹងថា នៅម៉ោង១១៖០០នាទីព្រឹកថ្ងៃទី១ ខែមីនា ស្អែកនេះ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ២៥ ០៤៨ ៨៧៩ យ៉េន (ប្រមាណជា ២២៧៧១៧ដុល្លារ) ដល់អង្គការមូលនិធិ សម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដំណាក់កាលទី៣ ប្រចាំខេត្តកំពង់ឆ្នាំ និងផ្តល់ជូនថវិកាសរុបចំនួន ៥៩ ២១៥ ៤២០យ៉េន (ប្រមាណជា ៥៣៨ ៣២២ដុល្លារ) ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្តគម្រោងបង្កើនសមត្ថភាព បោសសម្អាតកាកសំណល់ជាតិផ្ទុះ ពីសង្គ្រាមដល់ អង្គការ CMAC ដំណាក់កាលទី២។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយ លោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតជប៉ុននៅកម្ពុជា និងលោក តាកាហាស៊ី អាគីមិ នាយិការអង្គការ FIDR និងលោក សាកូ ណាហ្គាតូស៊ី ប្រធានតំណាងអង្គការ JMAS នៅស្ថានទូតជប៉ុន៕