Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញអ្នកកើតកូវីដម្នាក់ទៀត នៅខណ្ឌឬស្សីកែវ ដែលស្នាក់នៅផ្ទះជាមួយតារាចម្រៀង សុគន្ធ នីសា

13-03-2021 17:31

(ភ្នំពេញ)៖ ក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ម្នាក់ទៀត នោះគឺស្ត្រីវ័យ២២ឆ្នាំ ដែលរស់នៅជាមួយតារាចម្រៀង សុគន្ធ នីសា ស្ថិតនៅផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក ជា ពិសី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា អាជ្ញាធររបស់លោក សហការជាមួយ ក្រុមការងារក្រសួងសុខាភិបាល បានមកយកស្រ្តីម្នាក់អាយុ២២ឆ្នាំ ទៅសម្រាកព្យាបាលនៅ The Great Duke ក្រោយមានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩។

លោក ជា ពិសី បានឲ្យដឹងថា អ្នកដែលពាក់ព័ន្ធក្នុងផ្ទះដ៏ទៃទៀត កំពុងបន្តធ្វើចត្តាឡីស័ក ហើយបានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន។ សូមបញ្ជាក់ថា តារាចម្រៀងប្រចាំទូរទស្សន៍ហង្សមាស សុគន្ធ នីសា អាយុ៣៨ឆ្នាំ បានរកឃើញថាវិជ្ជមានកូវីដ១៩ ហើយត្រូវបញ្ជូនទៅព្យាបាលនៅThe Great Duke កាលពីប៉ុន្មានថ្ងៃមុននេះ៕