(ភ្នំពេញ)៖ នៅខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺដល់ថ្ងៃគម្រប់ខួបពីរឆ្នាំនៃការបាត់យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ី ជើងហោះហើរ MH370 ជាមួយនឹងមនុស្ស ២៣៩នាក់ ខណៈព័ត៌មានចុងក្រោយបញ្ជាក់ថា យន្តហោះមួយនេះ បានធ្លាក់នៅសមុទ្រឥណ្ឌា ក្បែរកោះ Reunion។
យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ី ជើងហោះហើរ MH370 បានបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ បានបាត់ខ្លួនដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្រ្ត ខណៈចេញដំណើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង Beijing ប្រទេសចិន។
ក្រោយពីបាត់យន្តហោះមួយនេះ មានព័ត៌មានជាច្រើនបានចេញផ្សាយថា យន្តហោះ MH370 បានធ្លាក់នៅភាគខាងត្បូង នៃមហាសមុទ្រឥណ្ឌា ខណៈទិន្នន័យពីផ្កាយរណប និងប្រព័ន្ធរ៉ាដាបង្ហាញថា យន្តហោះបានបើកវង្វេងផ្លូវ ហើយធ្លាក់បន្ទាប់ពីអស់ប្រេងឥន្ធនៈ ប៉ុន្តែព័ត៌មានទាំងនោះ មិនអាចយកជាផ្លូវការឡើយ រហូតដល់ខែកក្កដា ឆ្នាំ២០១៥ អ្នកនេសាទនៅកោះ Reunion បានប្រទះឃើញស្លាបយន្តហោះមួយ សង្ស័យជារបស់ MH370។
ក្រោយពីត្រួតពិនិត្យ និងធ្វើការពិសោធន៍ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Liow Tiong Lai បានអះអាងជាផ្លូវការថា បំណែកស្លាបយន្តហោះដែលប្រទះឃើញនៅលើកោះ Reunion ស្ថិតកណ្ដាលសមុទ្រឥណ្ឌានោះ គឺជាបំណែករបស់យន្តហោះ Boeing 777 ដែលដូចគ្នាទៅនឹងសេរី (Model) យន្តហោះ Malaysia Airlines MH370។ ក្រោយមកប៉ុន្មានថ្ងៃ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak បានបញ្ជាក់ថា ស្លាបយន្តហោះដែលរកឃើញនៅលើកោះ Reunion គឺជារបស់យន្តហោះ MH370 យ៉ាងពិតប្រាកដ។
ប៉ុន្មានថ្ងៃមុននេះ ប្រធានការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី លោក Martin Dola បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសមួយថា ពេលកំណត់ឈប់ស្វែងរកយន្តហោះ MH370 នៅមិនទាន់បានកំណត់ទេ ប៉ុន្តែវាអាចនឹងដល់ពេលឆាប់ៗ ប៉ុន្តែអ្វីដែលសំខាន់ គឺទិន្នន័យ និងការវិភាគទាក់ទងយន្តហោះ MH370 នឹងត្រូវធ្វើឡើងវិញ បន្ទាប់ពីពេលកំណត់ឈប់ការស្វែងរក MH370 បានមកដល់៕