(ភ្នំពេញ)៖ នាពេលឆាប់ៗខាងមុខ អាជ្ញាធរជាតិអប្សរានឹងស្តារពើកកំប្លោក និងវារីរុក្ខជាតិដទៃទៀតនៅក្នុងកសិន្ធុក្រុងអង្គរធំ ដើម្បីលើកសោភ័ណភាព និងជាប្រយោជន៍ដល់កិច្ចការអភិរក្សនៅក្នុងរមណីយដ្ឋានអង្គរទាំងមូល។
ការងារខាងលើនេះគឺទទួលបានការឧបត្ថម្ភភាពសំណាក់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងសប្បុរសជនដទៃទៀតផងដែរ។ បន្តបន្ទាប់មកទៀត ក៏មានការចូលរួមបរិច្ចាគបន្ថែមពីសម្តេចព្រះសង្ឃរាជ ព្រះគ្រូចៅអធិការវត្ត និងសប្បុរសជនជាច្រើនអង្គ/នាក់បានចូលរួមយ៉ាងផុសផុល។
អាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណព្រះគុណ និងអរគុណចំពោះសម្តេចព្រះសង្ឃរាជ ព្រះចៅអធិការវត្តគ្រប់ព្រះអង្គ និងសប្បុរសជនទាំងអស់ដែលបានគិតគូរលះបង់ធនធានខ្លួនដោយសេចក្តីរីករាយជ្រះថ្លា ដើម្បីរួមចំណែកស្តារពើកក្នុងកសិន្ធុអង្គរធំជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការលើកតម្លៃ និងជាប្រយោជន៍ដល់កិច្ចការអភិរក្សផង ពិសេសគឺសម្រួលចរន្តទឹកក្នុងកសិន្ធុអង្គរធំបានល្អប្រសើរ៕