(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួន ពីបទជួញដូរគ្រឿងញៀន និងដកហូតបានភស្តុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមី អាយស៍ចំនួន ២៧កញ្ចប់តូច និងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនយ៉ាមា ចំនួន១៣៤គ្រាប់ ដែលប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានឲ្យដឹងនៅថ្ងៃទី២៩ ខែកុម្ភៈនេះថា ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវរកហូតឈានមក ដល់ឃាត់ខ្លនបានជនសង្ស័យ២នាក់ និងធ្វើការដលហូតបានភស្តុតាង រួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមី អាយស៍ ចំនួន២៧កញ្ចប់តូច និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនយ៉ាមា ចំនួន១៣៤គ្រាប់ ម៉ូតូ១គ្រឿងញៀន ទូរសព្ទ័ដៃ ៣គ្រឿង នាឡិកាដៃ១គ្រឿង  និងលុយថៃ ២៥៤០បាត។

ជនសង្ស័យទី១- ឈ្មោះ សុខ ចាន់ធឿន ហៅក្តាម ភេទប្រុស អាយុ៤៧ឆ្នាំ និងទី២ ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង២នាក់នេះរស់នៅក្រុងប៉ោយប៉ែត។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងសាងសំណំរឿងជនសង្ស័យ និងភស្តុតាងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕