(ភ្នំពេញ)៖ រឿងរ៉ាវដែលប្រជាពលរដ្ឋ រស់នៅសង្កាត់ចោមចៅ ចោទព្រះចៅអធិការវត្តគោកបញ្ជាន់ ព្រះនាម សេង ថន លក់ដីស្រះប្រមាណ ៥ហិចតានោះ អាជ្ញាធរខណ្ឌពោធិសែនជ័យ នឹងដោះស្រាយជាផ្លូវការ នៅវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០១៦នេះ។

ការដោះស្រាយបញ្ហាចំរូងចម្រាស់ មួយនេះត្រូវបាន់លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ បានទៅប្រកាសប្រាប់ ប្រជាពលរដ្ឋ ជិត១០០នាក់ នៅព្រឹកថ្ងៃនេះ ខណៈដែលប្រជាពលរដ្ឋ ជិត១០០នាក់ បានទៅស្រែកតវ៉ាសាជារថ្មី នៅក្នុងបរិវេណវត្ត មួយនេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅរសៀលថ្ងៃនេះ បញ្ហាខាងលើនឹងយកទៅដោះស្រាយ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខណ្ឌ ព្រះចៅអធិការវត្ត និងតំណាងប្រជាពលរដ្ឋ ចំនួន១៥នាក់ ដើម្បីដោះស្រាយបញ្ចប់ កុំឲ្យនាំវែងឆ្ងាយតទៅទៀត។

សម្រាប់ការតវ៉ានៅព្រឹកថ្ងៃនេះ ប្រជាពលរដ្ឋបានតវ៉ាទាមទារ ចំណុចមួយចំនួនរួមមាន

១.មិនឲ្យលក់ដីស្រះមួយនេះ គឺទុកជាគរុភ័ណ្ឌសម្រាប់វត្ត
២.សុំបណ្តេញព្រះចៅអធិការ ចេញពីវត្តគោកបញ្ជាន់
៣.ដោះដូរប្រធានភូមិចោមចៅចេញ
៤.ដោះស្រាយដីលក់ ហើយប្រវែង៧គុណ១០០ម៉ែត្រ
៥.ដោះស្រាយឈាបដ្ឋាន។

ជាមួយគ្នានេះប្រជាពលរដ្ឋ បានស្នើសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ដោះស្រាយជូនដល់ពួកគាត់ឲ្យមានភាពយុត្តិធម៌៕

រឿងរ៉ាវប្រជាពលរដ្ឋ ចោទព្រះចៅអធិការវត្ត គោកបញ្ជាន់

រឿងរ៉ាវប្រជាពលរដ្ឋ ចោទព្រះចៅអធិការវត្ត គោកបញ្ជាន់ លក់ដីស្រះប្រមាណ៥ហិចតា អាជ្ញាធរខណ្ឌនឹងដោះស្រាយ នៅរសៀលថ្ងៃនេះ

Posted by Fresh News on Sunday, February 28, 2016