TOP NEWS: ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៣៩នាក់ ខណៈអ្នកជាសះស្បើយចំនួន ៤នាក់ (Video inside)
13-03-2021 08:41
(ភ្នំព៣ញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៩នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួន៤នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ៣៩នាក់មានជនជាតិខ្មែរ ២៩នាក់, ជនជាតិចិន៥នាក់ និងជនជាតិវៀតណាម៥នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល និងព្រៃវែង។
ចំណែកអ្នកជាសះស្បើយទាំង៤នាក់វិញ គឺស្ត្រីជនជាតិខ្មែរម្នាក់ និងបុរសជនជាតិចិន៣នាក់ ដែលឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប១២៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦២៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦៣៩នាក់៕