(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះដោយសារតែការប្រើបច្ចេកវិទ្យាអត់គុណធម៌ បានធ្វើឲ្យពិភពលោកកំពុងរងគ្រោះ ហើយអាចនឹងធ្វើឲ្យពិភពលោកជួបភាពច្របូកច្របល់ផងដែរ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្វើនុយក្លេអ៊ែរ ប្រទេសបាញ់នុយក្លេអ៊ែរ រួមនឹងក្រុមអ្នកធ្វើភេរកម្មកម្មផងដែរ មិនមែនជាមនុស្សធម្មតានោះឡើយ រួមទាំងអ្នកផលិតគ្រឿងញៀន ក៏ជាមនុស្សដែលមានចំណេះដឹងផ្នែកឱសថសាស្រ្តផងដែរ ទើបអាចផលិតគ្រឿងញៀននេះបាន។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ចឹងបញ្ហាបច្ចេកវិទ្យា ដែលគ្មានការគ្រប់គ្រង ដោយគុណធម៌ គឺច្បាស់ណាស់ថា វាហ្នឹងធ្វើឲ្យពិភពលោកជួបប្រទះនូវភាពជ្រួលច្របល់។ ដូចជាពួកភេរវកម្ម ស្មានពួកហ្នឹងអត់ចេះអីសោះ ពួកហ្នឹងប្រើបច្ចេកវិទ្យារបស់យើង ហើយចេះប្រើលើសយើងទៅទៀត រហូតដល់ពួកភេរវកម្មចេះបើកយន្តហោះបុកអគារនៅញូវយ៉ក។ ចឹងទេអ្វី ក៏ដោយត្រូវមានការ គ្រប់គ្រងដោយក្រមសីលធម៌»៕