(ព្រះសីហនុ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកុម្ភៈនេះ បានបង្ហាញនូវក្តីរីករាយយ៉ាងខ្លាំង ដោយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ សម្តេចបានអញ្ជើញទៅខេត្តព្រះសីហនុ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។
រូបភាពជាច្រើនសន្លឹករបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងក្រុមគ្រូពេទ្យ យុវជន ប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អាគារមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបង្ហាញនូវភាពរីករាយ យ៉ាងខ្លាំង ជាមួយនឹងការរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យប្រជាពលរដ្ឋខេត្តព្រះសីហនុទាំងអស់ ជួបតែសំណាងល្អផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ពិតជារីករាយនៅដើមសប្ដារហ៍ ដែលខ្ញុំមកខេត្តព្រះសីហនុ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ អាគារមួយចំនួនក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ទៅជួបសួរសុខទុក្ខក្មួយៗដែលទើបសំរាលកូនប្រុស ស្រីគួរឱ្យស្រឡាញ់។ ថតរូបជាមួយក្រុមគ្រូពេទ្យ ក្រុមយុវជន និងប្រជាជនដែលគួរឱ្យគោរព និងស្រឡាញ់។ សូមជូនពរប្រជាជនខេត្តព្រះសីហនុ ទាំងអស់ជួបតែសំណាងល្អ»។
គួរបញ្ជាក់ថា អគារមន្ទីរពេទ្យបង្អែកដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នេះ ស្ថិតក្នុងគ្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកខត្តព្រះសីហនុ ប្រើប្រាស់ជំនួយឥតសំណងតាមរយៈទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិ JICA ក្នុងទឹកប្រាក់ប្រមាណ ១៥ ៤៥០ ០០០ដុល្លារ ដែលមានសមត្ថភាពរួមមាន៖
-ការសាងសង់អគារថ្មីចំនួន៥ គឺ៖ អគារសង្គ្រោះបន្ទាន់ រូបភាពវេជ្ជសាស្ត្រ និងបន្ទប់វះកាត់, អគារសម្ភព រោគស្ត្រី និងជំងឺកុមារ, អគារអំងឺទូទៅ និងជំងឺវះកាត់, អគាររដ្ឋបាល និងផ្នែកផ្តល់សេវាគាំទ្រ រួមានបន្ទប់ផ្គត់ផ្គង់ចរន្តអគ្គិសនី អាងស្តុបទឹកស្អាត អាងចម្រុះទឹកកខ្វក់ និងប្រព័ន្ធពន្លត់អគ្គិភ័យ
- ការផ្គត់ផ្គង់សម្ភារៈ បរិក្ខារពេទ្យចំនួន៩១មុខ
-ការបណ្តុះបណ្តាលធនធានមនុស្សទាំងនៅកម្ពុជា និងប្រទេសជប៉ុនផងដែរ៕