(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចឱ្យផ្អាកកម្មវិធីរៀបចំមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្ដោះអាសន្នទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។

តាមរយៈលិខិតផ្ញើទៅកាន់អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ លោក ប្រាក់ សុវណ្ណ បានសង្កត់ធ្ងន់ៗថា «ការសម្រេចផ្អាកកម្មវិធីទាំងអស់នេះ ដោយសារតែស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូដឺង-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋបាលខេត្តសង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួននៅបន្តរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដែលមានការប្រមូលផ្តុំមនុស្សចូលរួមជាច្រើន ព្រមទាំងមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វេសប្រហែស ពុំបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមវិធានការ ៣កុំ និង ៣ការពារ ដែលជាហេតុបង្កឱ្យមានហានិភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍»

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ លោក ប្រាក់ សុវណ្ណ ក៏បានណែនាំដល់លោកលោកស្រីជាអភិបាលក្រុង ស្រុក និងលោក លោកស្រីមេឃុំ ចៅសង្កាត់ ចាត់ចែងអនុវត្តនូវវិធានការដូចខាងក្រោម៖

ទី១៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ តទៅ។

ទី២៖ ត្រូវធ្វើការអប់រំ និងណែនាំដល់ម្ចាស់ពិធីដែលបានស្នើសុំច្បាប់អនុញ្ញាតរួចឱ្យពួកគាត់លើកពេល ឬផ្លាកពិធីដែលមានការប្រមូលផ្តុំមនុស្សច្រើនសិន។

ទី៣៖ ករណីរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់បានអនុញ្ញាតច្បាប់ជួនម្ចាស់ពិធីរួច ហើយពុំអាចធ្វើការលើកពេល ឬផ្អាកពិធីបានទេនោះត្រូវណែនាំឱ្យម្ចាស់ពិធីកាត់បន្ថយអ្នកចូលរួមជាអប្បបរមា និងរក្សាតម្លាតសុវត្ថិភាពសង្គម ជាពិសេសត្រូវរៀបចំតុអាហារមិនឱ្យលើសពី ០៥នាក់ ក្នុង០១តុ។

ទី៤៖ ករណីម្ចាស់ពិធី មិនចូលរួមសហការ ឬមិនអនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ដោយនៅតែបន្តរៀបចំពិធីដោយគ្មានច្បាប់អនុញ្ញាត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវចុះបិទ ឬផ្អាកពិធីទាំងនេះជាបន្ទាន់។

ទី៥៖ ត្រូវអនុវត្តនូវវិធានការច្បាប់ដែលមានជាធរមាន ចំពោះបុគ្គលទាំងឡាយណាដែលបានបំពានការណែនាំ និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូដ-១៩។

ទី៦៖ ការផ្អាកការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះរហូតដល់ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ មានភាពធូរស្រាល និងមានការជូនដំណឹងឱ្យដំណើរការពិធីឡើងវិញ៕

ខាងក្រោមនេះជាលិខិតជម្រាបផ្ញើមកអភិបាលស្រុក ក្រុង ឃុំ សង្កាត់៖