(កំពង់ឆ្នាំង)៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនពីបទឆបោក និងលួចលក់ដីសហគមន៍ ក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រតិបត្តិការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១៣៖០០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃសំពៅ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអសាលាដំបូងខេត្តកំពង់ឆ្នាំង និងដោយយោងតាម ពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ គិន ឆេងលី ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅផ្ទះលេខ១៣ ផ្លូវលេខ K៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងរបស់លោកបានចុះឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ យ៉ិន យ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងលួចលក់ដីព្រៃសហគមន៍របស់រដ្ឋ ក្នុងឃុំប្រស្និបស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហង្ស សុជាតិ បានបន្តថា ប្រតិបត្តិការខាងលើបានដកហូតវត្ថុតាងរួមមាន៖ រថយន្តចំនួន១គ្រឿង ម៉ាកCamary ពាក់ស្លាកលេខ ច.៧ ៩០១ ភ.ព២ ពណ៌សំបកឪឡឹក ទូរស័ព្ទដៃចំនួន ២គ្រឿងម៉ាក ViVo ឯកសារទិញលក់ដីមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕