(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោក ឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ ព្រមទាំងក្រុមការងារកាកបាទក្រហមខណ្ឌ-សង្កាត់ជ្រោយចង្វារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ០១នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ដៃឆ្វេង និងជើងឆ្វេង ព្រមទាំងមានបញ្ហាសុខភាពតម្រងនោមផងដែរ ដែលបច្ចុប្បន្នជនរងគ្រោះកំពុងស្នាក់នៅ បណ្តោះអាសន្នជាមួយម្តាយមីង ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជាពិសេសអ្នកមានជំងឺ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភរួមមាន៖ អង្ក ៩០គ.ក្រ, មី ០២កេស, ស្ករស ០២គ.ក្រ, តែ ១០កញ្ចប់, ទឹកដោះខាប់ ១០កំប៉ុង, ទឹកស៊ីអ៉ីវ ០១យួរ, ទឹកត្រី ០១យួរ, ត្រីខ ០៣យួរ, ភួយ២ និងថវិកា ១០,០០០,០០០រៀល៕