(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ទៀតនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បាននាំយកស៊ីម៉ងត៍១៥តោន រួមទាំងសម្ភារសំណង់ និងម៉ូតូ១គ្រឿង ប្រគេនដល់វត្តព្រំសីមារង្សីជប់គគី ស្ថិតនៅជាប់ ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល។
ក្នុងឱកាសនោះដែរលោក ប៉ែន កុសល្យ ក៏បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលការរីកចម្រើនរបស់ប្រទេសជាតិនោះ គឺមានការដើរទន្ទឹមគ្នាទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រផងដែរក្រោមដំបូលសុខសន្តិសន្តិភាព ដែលបានគ្របដណ្តប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ប៉ែន កុសល្យ ក៏បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានល្អនូវវិធានការការពារមេរោគកូវីដ-១៩ គឺ ៣កុំ និង៣ការពារឱ្យបានល្អ ហើយ ៣ការពារនោះមាន៖ ពាក់ម៉ាសជាប្រចាំ លាងដៃជាមួយអាកុល សាប៊ូ ឬជែល ឱ្យបានញឹកញាប់ រក្សាគម្លាតសង្គម គម្លាតបុគ្គល យ៉ាងតិច១ម៉ែត្រកន្លះឡើងទៅ។ ចំណែក៣កុំ គឺ កុំចូលរួមទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមានមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម។
ជាងនេះទៅទៀតលោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តផ្សព្វផ្សាយនូវវិធានការការពារកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់ខ្លួនដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ក្រោយពីបានប្រគេនស៊ីម៉ងត៍១៥ តោន រួមទាំងសម្ភារសំណង់ និងម៉ូតូ១ គ្រឿងដល់គណៈកម្មាធិការ និងចៅអធិការវត្តព្រំសីម៉ារង្សីជប់គរគីរួចមក លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូននប្រជាពលរដ្ឋដែលចូលរួមចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន ២០.០០០រៀលផងដែរ៕