(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់ ចំពោះបញ្ហាប្រឈមនៃជំងឺកូវីដ១៩ កំពុងកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាន ដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន២០ម៉ឺនដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19។
ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ត្រូវបានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ប្រគល់ជូនរាជរដ្ឋាភិបាលតាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
ដែលទាំងអស់នេះ គឺក្រោមព្រះរាជតម្រិៈដង្ហែតាមជានិច្ច ចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យ ទុកដាក់ខ្ពស់ចំពោះវិស័យ សុខាភិបាល ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ដោយបានកសាងនូវព្រះរាជសមិទ្ធផលជាច្រើន បម្រើឲ្យវិស័យសុខាភិបាល នៅទូទាំងព្រះរាជាណាចក្រ មានភាពល្អប្រសើរឡើង និងត្រូវបានប្រជានុរាស្រ្តថ្វាយព្រះបរមនាមថា ព្រះវររាជបិតាសុខាភិបាលជាតិ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយ ដែលព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាន ជាព្រះរាជទ្រព្យផ្ទាល់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីត១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសរុបទាំង៤លើក មានចំនួន ៣,៧០០,០០០ដុល្លារសហរដ្ឋអាមេរិក៕