(ស្វាយរៀង)៖ ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឱ្យអភិបាលរាជធានី-ខេត្ត ចាត់តាំងក្រុមការងាទៅទទួល ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីយកធ្វើចត្តាឡីស័កនៅតាមរាជធានី-ខេត្តនីមួយៗរៀងខ្លួន សម្រាប់ខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី០៨ ខែមីនា ដល់រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ មានពលករចំណាកស្រុកដែលវិលត្រឡប់មក ពីប្រទេសថៃចំនួន១៣៨នាក់ ត្រូវអាជ្ញាធរដឹកដល់ខេត្តស្វាយរៀងហើយ ដើម្បីយកទៅធ្វើចត្តាឡីស័ក។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត បានរៀបចំក្រុមការងារជួរមុខ ដែលទទួលភារកិច្ចសម្របសម្រួលទទួលពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមទិសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន៖ ខេត្តឧត្ដមមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តកោះកុង។
លោកបានបន្ថែមថា ទន្ទឹមនោះក៏បានរៀបចំគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ក្រុង ស្រុកទាំង៨ ក្នុងមូលដ្ឋានខេត្តស្វាយរៀង ក្នុងការរង់ចាំទទួលពលករ ដែលបញ្ជូនមកពីខេត្តគោលដៅ ដើម្បីបន្តធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ជាទីកន្លែងកំណើតរបស់ពលករផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះខេត្តស្វាយរៀង បានរកឃើញស្ត្រីជនជាតិវៀតណាម២នាក់ ដែលធ្វើដំណើរឆ្លងកាត់ មានជំងឺ Covid១៩ ហើយត្រូវបានអាជ្ញាធរ នាំទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀងផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសឱ្យផ្អាកនូវការរៀប អាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីបុណ្យទាននិងជួបជុំផ្សេងៗចាប់ពីថ្ងៃទី១២ មីនានេះតទៅផងដែរ ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺ covid-១៩ ដល់សហគមន៍ផងដែរ៕