(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រតិកម្មខ្លាំងចំពោះការលើកឡើងថា «គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ» ដោយសម្តេចចាត់ទុកការលើកឡើងនេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយទៅលើក្រុមគ្រូពេទ្យកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងមួយរយៈពេលនេះ មានការរិះគន់ច្រើនទៅលើក្រុមគ្រូពេទ្យកម្ពុជា ពីសំណាក់ ប្រជាពលរដ្ឋ ហើយសម្តេច ក៏បានរំលឹកទៅដល់អ្នកដែលបានលើកឡើងថា «គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ»។
សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា នៅកម្ពុជាមានចំណុចខ្វះខាតក្នុងវិស័យសុខាភិបាល មានគ្រូពេទ្យខ្លះខ្វះក្រមសីលធម៌ មានគ្រូពេទ្យ គិតលុយជាធំ និងគ្រូពេទ្យប្រើសម្តីអាក្រក់ដាក់អ្នកជំងឺ តែក៏មានគ្រូពេទ្យជាច្រើនមានក្រមសីលធម៌ថ្លៃថ្នូរ និងបានជួយសង្រ្គោះជីវិតអ្នកជំងឺផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «យើងស្តាប់ឮ ឃើញមានសំឡេងត្អូញត្អែរ ពីសំណាក់ពលរដ្ឋរបស់យើងមួយចំនួន រហូតមានអ្នកធ្វើអត្ថាធិប្បាយ រហូតទៅដល់ប្រមាថ ម៉ាក់ងាយចំពោះគ្រូពេទ្យរបស់យើង។ ចំណុចនេះយើងត្រូវទទួលស្គាល់ថា នៅមានចំណុចខ្វះខាត ប៉ុន្តែមិនដល់ថ្នាក់ ១០០ ខូចអស់៩៩ នៅសល់តែមួយនោះទេ មិនដល់ថ្នាក់អីចឹងពេកទេ។ រហូតមានអ្នកខ្លះអំពាវនាវឲ្យធ្វើបដិវត្តន៍នៅក្នុងគ្រូពេទ្យ បើអីចឹងធ្វើបដិវត្តន៍មានយកគ្រូពេទ្យទៅវាយចោល»។
សម្តេចតេជោ បានបន្តថា «ខ្ញុំមិនយល់ស្របទេនូវការលើកឡើងថា គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ។ បើ ១០០ ខូច ៩៩ទៅហើយ សួរថា តើគ្រូពេទ្យហ្នឹងអាចដំណើរការទៅបានអត់។ ដល់ថ្នាក់ហ្នឹងពេក ខ្ញុំទទួលមិនបានទេ»។
គេនៅចាំបានថា អ្នកដែលបានលើកឡើងថា គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ នេះ គឺជាលោកវេជ្ជបណ្ឌិត គួច ម៉េងលី។ លោក គួច ម៉េងលី នៅក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះថា «ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែន អាក្រក់ដូចពេទ្យនៅស្រុកខ្មែរយើងទេ។ គាត់គ្មានវិជ្ជាជីវៈគ្មានភាពទន់ភ្លន់ គ្មានមេត្តាធម៌ នេះខ្ញុំមិនមែននិយាយទាំងអស់ទេ ខ្ញុំនិយាយបើខ្ញុំបានជួប១០ មានអាក្រក់៩។ បើមានអាកប្បកិរិយាមាយាទអំនួត អឿ ឈ្លើយ ម៉ាបាវ តើកូនខ្មែរយើងអភ័ព្វយ៉ាងម៉េចទេ»។
ការលើកឡើងរបស់លោក គួច ម៉េងលី ក៏ត្រូវបានគណៈវេជ្ជាជីវៈសុខាភិបាលកម្ពុជា ស្នើឲ្យមានការសូមទោស រហូតមានការឆ្លើយឆ្លងលិខិតគ្នាជាច្រើនលើក ដោយលោក គួច ម៉េងលី មិនព្រមសុំទោសនូវអ្វី ដែលខ្លួនបានលើកឡើងនោះឡើយ។ ចុងក្រោយការឆ្លើយឆ្លងលិខិតរវាងលោក គួច ម៉េងលី និងគណៈវេជ្ជាជីវៈសុខាភិបាលកម្ពុជា ត្រូវបានបញ្ចប់ បន្ទាប់លោក គួច ម៉េងលី ព្រមទទួលស្គាល់ថា នៅកម្ពុជា ក៏មានគ្រូពេទ្យជាច្រើនមានក្រុមសីលធម៌វេជ្ជាជីវៈល្អ៕