(កោះកុង)៖ មនុស្ស៨នាក់ជាជនជាតិខ្មែរ ដែលមានផ្ទុកជំងឺកូវីដ-១៩ នៅខេត្តកោះកុង ហើយក្រសួងសុខាភិបាលប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ជាបុគ្គលិកបម្រើការងារក្នុងខារ៉ាអូខេ ក្រុមហ៊ុនញូញៀន ស្ថិតក្នុងស្រុកគិរីសាគរ។ នេះបើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលកោះកុង ថ្លែងប្រាប់ភ្នាក់ងារ Fresh News។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបញ្ជាក់ទៀតថា មនុស្សទាំង៨នាក់ដែលរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩នេះ គឺជាចង្កោមក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយសម្រាប់ខេត្តកោះកុង មនុស្សចំនួន២,០៤១នាក់ហើយ ដែលត្រូវបានយកទៅពិនិត្យសំណាក និងតម្រូវឲ្យធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មនុស្សទាំង៨នាក់ដែលវិជ្ជមានកូវីដ-១៩នេះ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។ សម្រាប់ខេត្តកោះកុង រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕