(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើកំណត់ទូតមួយ ដោយស្នើដល់អង្គការក្រៅរដ្ឋាភិបាលរបស់បរទេសនៅកម្ពុជាទាំងអស់ ប្រញាប់រៀបចំបញ្ជីឈ្មោះបុគ្គលិក និងសមាជិកគ្រួសារ ដែលមានបំណងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីឱ្យកម្ពុជាអាចផ្តល់ជូនការចាក់វ៉ាក់សាំងដល់ពួកគេ ដោយមិនគិតថ្លៃ។

កំណត់ទូតរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងចាប់ផ្តើមហើយនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់បុគ្គលិក និងក្រុមគ្រួសារ នៃអង្គការក្រៅរដ្ឋាភិបាលរបស់បរទេស ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។ ការចាក់វ៉ាក់សាំងនេះ គឺដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត ស្របទៅតាមផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់កម្ពុជា។

បន្ទាប់ពីបានរៀបរាប់ដូចខាងលើហើយនោះ ក្រសួងក៏បានស្នើឲ្យអង្គការក្រៅរដ្ឋាភិបាលរបស់បរទេសទាំងនោះ ផ្តល់ឲ្យបានឆាប់តាមតែអាចធ្វើទៅបាននូវ បញ្ជីរាយនាមបុគ្គលិកនិងសមាជិកគ្រួសារពួកគេទាំងឡាយណា ដែលមានបំណងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីសម្រួលឲ្យការរៀបចំផ្សេងៗអាចធ្វើឡើងដោយរលូន។ បញ្ជីនេះគួររួមមាន ឈ្មោះ អាយុ (ចាប់ពី១៨ឆ្នាំឡើង) តួនាទីផ្លូវការ/ត្រូវជាអ្វីជាមួយអ្នកមានតួនាទីផ្លូវការ និងវ៉ាក់សាំងដែលចង់ចាក់ (Sinopharm ឬ Astrazeneca)៕

ខាងក្រោមនេះជាកំណត់ទូតរបស់ក្រសួងការបរទេស៖