(ស្វាយរៀង)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកម្មករ-កម្មការិនីរោងចក្រ ដែលបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ ក្រឡាប់រថយន្តនៅក្រុងបាវិត និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រុកប្រតិបត្តិជីភូ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំសេចក្ដីសាកសួរសុខទុក្ខ ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះបងប្អូនកម្មករ កម្មការិនី ក៏ដូចជាអ្នកជំងឺដទៃទៀត ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យស្រុកប្រតិបត្តិជីភូ។
លោកទេសរដ្ឋមន្រ្តី បានសម្ដែងនូវការសោកស្ដាយ ចំពោះឧប្បត្តិហេតុគ្រោះថ្នាក់នេះ ដែលបង្កឲ្យបងប្អូនកម្មករ កម្មការិនីរងរបួស ខាតបង់ទាំងពេលវេលា និងថវិកា ដោយសារការធ្វេសប្រហែសបន្តិចបន្តួចនេះ ព្រមទាំងបានជូនពរឲ្យបងប្អូនកម្មករទាំងអស់ ឆាប់ជាសះស្បើយ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យលោកគ្រូ-អ្នកគ្រូពេទ្យ យកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺបងប្អូនយើង ឲ្យឆាប់ជាសះស្បើយ និងវិលត្រឡប់ទៅផ្ទះ និងចូលបំពេញការងារវិញ ដែលលោកទេសរដ្ឋមន្ត្រី បានចាត់ទុកបងប្អូនកម្មករទាំងអស់ ជាផ្នែកមួយជួយឲ្យកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភជែលលាងដៃជូនមន្ទីរពេទ្យស្រុកប្រតិបត្តិជីភូ និងថវិកាមួយចំនួន ជូនដល់កម្មករ កម្មការិនី ដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។
សូមជម្រាបថា ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៦៖២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ដម៉ាក្សហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-0976 មានអ្នកជិះសរុបចំនួន៦០នាក់ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានក្រឡាប់ធ្លាក់កម្មករបណ្តាលឲ្យរងរបួស ៥៣នាក់ ស្រី៤៣នាក់ រងរបួសធ្ងន់០៧នាក់ ស្រី០៥នាក់។
បច្ចុប្បន្ន អ្នករងរបួសស្រាលកំពុងសម្រាកព្យាបាលមន្ទីរពេទ្យជីភូ ចំនួន៣៦នាក់ នៅមន្ទីរពេទ្យពន្លឺបូព៌ាបាវិត១០នាក់ និងអ្នករងរបួសធ្ងន់សម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត៧នាក់៕