(បាវិត)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត បានចាត់ទុកក្រុមគ្រូពេទ្យ ជាកងទ័ពជួរមុខ ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
ការលើកឡើងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅក្រុងបាវិត និងប្រគល់សម្ភារប្រេីប្រាស់ និងថវិកាមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័ក នៅមូលដ្ឋានក្រុងបាវិត។
ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅក្រុងបាវិត។
ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត, លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត របស់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ ជាពិសេសការចំណាយពេលវេលាទាំងយប់ ទាំងថ្ងៃ ក្នុងការងារធ្វើចត្តាឡីស័ក និងព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលយ៉ាង ខ្លាំងគួរឱ្យព្រួយបារម្ភនៅកម្ពុជាយើងនេះ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការណ៍ «៣ការពារ និង៣កុំ» ឱ្យបានល្អប្រសើរ ជៀសវាងការឆ្លងពីជំងឺកូវីដ-១៩។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, សមាគមជួយសង្រ្គោះប្រជាជននៅកម្ពុជា, លោក ហែម ហេម៉ា ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត ដែលបានចូលរួមឧបត្ថម្ភជាសម្ភារប្រេីប្រាស់ និងថវិកាមួយចំនួន សម្រាប់ប្រេីប្រាស់ក្នុងការងារធ្វេីចត្តាឡីស័កនៅមូលដ្ឋានក្រុងបាវិត ឧបត្ថម្ភដល់ក្រុមគ្រួសារ និងកងកម្លាំងប្រដាប់អាវុធ៕