(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានទទួលទទួលបានម៉ាសចំនួន១សែនម៉ាស ពីសប្បុរសជន ដើម្បីឲ្យសាលាខេត្តកំពង់ស្ពឺ ចាត់ចែងចែកដល់បុគ្គលិកក្រោមឱវាទនិងប្រជាពលរដ្ឋក្នុងការទប់ស្កាត់ជម្ងឺកូវីត១៩ ដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា។ លោក ប៊ុត ចាន់ថា ហៅម៉ៅ និង លោកស្រី ឆឹល លក្ខិណា ជាភរិយា ដែលជាសប្បុរសជនមួយរូប បានដឹកនាំជំនួយសប្បុរសធម៌ជាម៉ាសរហូតដល់១សែនម៉ាស់ ដែលគិតជាទឹកប្រាក់ ស្មើនឹង ៣៥លានរៀល យកទៅប្រគល់ជូនលោកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។
លោក ប៊ុត ចាន់ថា ដែលជាម្ចាស់អំណោយ បានថ្លែងបញ្ជាក់ថា ដោយសារតែលោកយល់ថា នៅក្នុងកាលៈទេសៈនេះ គឺមិនអាចយកម៉ាស់យកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ ទើបលោក និង ភរិយា សម្រេចចិត្តយកមកប្រគល់ជូនសាលាខេត្តកំពង់ស្ពឺ ដើម្បីអោយសាលាខេត្តចាត់ចែងជូនដល់ពលរដ្ឋ តាមតែអាចធ្វើទៅបាន។
លោកថាដោយសារតែកូវីត១៩ផ្ទុះខ្លាំង ទើបលោក និងភរិយា មិនអាចនៅស្ងៀមហើយត្រូវតែជួយជាម៉ាស់ជូនដល់អង្គភាពណាមួយ ដោយលោកបញ្ជាក់ថា ដោយសារតែលោករស់នៅក្នុងទឹកដីកំពង់ស្ពឺ និង មានមុខជំនួញនៅកំពង់ស្ពឺ ហើយមិនអាចយកទៅប្រគល់អោយខេត្តផ្សេងឡើយ ទើបលោក និង ភរិយា សម្រេចយកមកប្រគល់អោយសាលាខេត្តកំពង់ស្ពឺ។ ជំនួយនេះនៅមិនទាន់បញ្ចប់ទេ ប្រសិនបើលោកមើលឃើញពីការលំបាកណាមួយជាក់ស្ដែងទៀត។
ថ្លែងនៅក្នុងឱកាសនោះ លោក វ៉ី សំណាង ក៏បានថ្លែងអរគុណដល់សប្បុរជនទាំងអស់ ដែលបានផ្តល់អំណោយជាម៉ាស ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺនាពេលនេះ។ លោកបានបញ្ជាក់ថា អំណោយនេះ លោកនឹងយកទៅចាត់ចែង និងប្រើប្រាស់ឲ្យចំគោលដៅបំផុត ដើម្បីការពារពីការឆ្លងរីករាលដាលនៃកូវីដ១៩ និងការពារសុខភាពយើងទាំងអស់គ្នាផងដែរ។
គួរបញ្ជាក់ថា លោក ប៊ុត ចាន់ថា ជាមន្ត្រីរាជការក្នុងអង្គភាពមួយ ដែលលោកក៏ជាអ្នកជំនួញមួយរូបផងដែរ។ លោក និង ភរិយាត្រូវបានគេស្គាល់ច្រើននៅខេត្តកំពង់ស្ពឺ ដោយសារតែសកម្មនឹងការបរិច្ចាគ ដោយជារឿយៗ គឺលោក និង ភរិយា តែងតែបរិច្ចាគជួយសាលាខេត្ត ជួយដល់អង្គភាពផ្សេងៗ និង ជួយដល់ពលរដ្ឋខ្វះខាតជាច្រើនគ្រួសារ។
ជាក់ស្ដែងក្នុងពិធីបើកសម្ពោធស្ថានីយ៍ទឹកស្អាត កាលពីពេលថ្មីៗ លោក និង ភរិយា ក៏បានចែកអំណោយជាអង្ករ ភួយ គ្រឿងឧបភោគបរិភោគ និង ថវិកា ជូនដល់ពលរដ្ឋជាង៤០០គ្រួសារនៅស្រុកបសេដ្ឋកំពង់ស្ពឺដដែល ដោយមានតារាល្បីៗ មកចូលរួមចុះចែកផងដែរ ដែលធ្វើអោយអ្នកទទួលអំណោយសប្បាយចិត្តយ៉ាងខ្លាំង ព្រោះបានទាំងថវិកា អំណោយ និង បានជួបតារាដោយផ្ទាល់៕