កាហ្វេល្បីបំផុត នៅក្នុងពិភពលោក Starbucks នឹងបើកហាងដំបូងបំផុត របស់ខ្លួននៅអ៊ីតាលី
29-02-2016 11:04
(ញូវយ៉ក់)៖ ក្រុមហ៊ុនកាហ្វេធំជាងគេលំដាប់ទី១ នៅក្នុងពិភពលោក Starbucks Corp នៅថ្ងៃចន្ទនេះ បានចុះកិច្ចព្រមព្រៀងជាមួយពាណិជ្ជករ និងជាមហាសេដ្ឋីអ៊ីតាលី លោក Antonio Percassi ក្នុងការបើកហាងកាហ្វេ Starbucks នៅក្នុងប្រទេសអ៊ីតាលី ហើយក៏ជាហាងកាហ្វេ Starbucks ដំបូងគេបំផុតផងដែរ នៅក្នុងប្រទេសអ៊ីតាលី។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN Money នៅថ្ងៃទី២៩ ខែកុម្ភៈនេះ បានឲ្យដឹងថា ទីក្រុង Milan នឹងក្លាយជាទីក្រុង ដំបូងគេបំផុតនៅក្នុងប្រទេសអ៊ីតាលី ដែលមានហាងកាហ្វេ Starbucks ប៉ុន្តែហាងមួយនេះ នឹងចាប់ផ្ដើមដំណើរការនៅដើម ឆ្នាំ២០១៧។
តំណាងក្រុមហ៊ុន Starbucks បានឲ្យដឹងថា Milan គឺជាទីក្រុងស៊ីវិល័យមួយ ដែលពោរពេញទៅដោយភាពជឿនលឿន និងរីកចម្រើន ដូច្នេះហើយការប្រតិបត្តិក្នុងការបើកហាងកាហ្វេ Starbucks នៅក្នុងទីក្រុងមួយនេះគឺដំណើរការបានល្អ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០១៥ ហាងកាហ្វេ Starbucks មានជាង ២៣,៤៥០កន្លែង នៅក្នុងពិភពលោក ដោយនៅក្នុងឆ្នាំ២០១៤ រកចំណូលបាន ១៦,៤ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធ៤ពាន់លានដុល្លារអាមេរិក៕