(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង និងស្ថាប័នកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្ត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានទទួលម៉ាស់ និងទឹកអាល់កុល ពីសប្បុរសជនដើម្បីចែកជូនមន្ដ្រីរាជការ និងកងកម្លាំងចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល។

សប្បុរសជនដែលប្រគល់ម៉ាស់ និងទឹកអាល់កុល ជូនស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្ទឹងត្រែងនាឱកាសនេះ គឺលោក ឈួ សែ និងលោកស្រី ជូ សោភា ម្ចាស់សាខាលក់ម៉ូតូហុងដា ឈួ ស៊ុន នៅខេត្តស្ទឹងត្រែង ក្នុងនោះរួមមាន៖ សាលាខេត្ត ២,០០០ម៉ាស់, តំបន់ប្រតិបត្តិការសឹករង ១,០០០ម៉ាស់, ស្នងការខេត្ត ២,០០០ម៉ាស់, អភិបាលក្រុង ១,០០០ម៉ាស់, ស្រុកសេសាន្ដ ៥០០ម៉ាស់, ស្រុកសៀមប៉ាង ៥០០ម៉ាស, ស្រុកបូរីអូស្វាយ ៥០០ម៉ាស់, ស្រុកសៀមបូក ៥០០ម៉ាស់ និងស្រុកថាឡាបរិវ៉ាត់ ៥០០ម៉ាស់។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានទទួលម៉ាស់ ចំនួន២,០០០ម៉ាស់ និងអាល់កុល ពីសប្បុរសជនដើម្បីចែកជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល។

សប្បុរសជនដែលយកម៉ាស់ប្រគល់ជូនមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង គឺលោក ឈួ សែ និងលោកស្រី ជូ សោភា ម្ចាស់សាខាលក់ម៉ូតូហុងដា ឈួ ស៊ុន នៅខេត្តស្ទឹងត្រែង ដែលក្នុងឱកាសនោះ លោកឧត្តសេនីយ៍ត្រី អៀង វ៉ាន់ឌី បានចាត់ឲ្យលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង អញ្ជើញទទួលពីសប្បុរសជន។

ថ្លែងក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ដួង វិចិត្រ ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឈួ សែ និងលោកស្រី ជូ សោភា ដែលបានចូលរួមចំណែកក្នុងការផ្ដល់ម៉ាស់ជូនកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចូលរួមការពារ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល លើការងារទប់ស្កាត់ និងការពារជំងឺកូវីដ-១៩។

លោកវរសេនីយ៍ឯក ដួង វិចិត្រ បានអះអាងថា នឹងយកម៉ាស់ទាំងអស់នេះ ប្រគល់បន្ដដល់មន្ដ្រីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដូចអ្វីដែលជាបំណងរបស់សប្បុរសជនដែលបានប្រគល់ជូននេះផងដែរ។ បើតាមលោក ដួង វិចិត្រ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បច្ចុប្បន្នមន្ដ្រីអាវុធហត្ថបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

គួរជម្រាបថា លោក ឈួ សែ និងលោកស្រី ជូ សោភា ម្ចាស់សាខាលក់ម៉ូតូហុងដា ឈួ ស៊ុន នៅខេត្តស្ទឹងត្រែង ក្រៅពីការឧបត្ថម្ភម៉ាស់ និងអាល់កុល ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថហើយនោះ លោកក៏បានឧបត្ថម្ភម៉ាស់នេះ ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង, រដ្ឋបាលក្រុង-ស្រុក និងស្ថាប័នកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ជាច្រើនពាន់ម៉ាស់ផងដែរ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩៕