(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ គណៈប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោកសន្តិបណ្ឌិត តេង សាវង្ស តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧបាសក ម៉ាយ អង ត្រូវជាឪពុកបង្កើតលោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤៖៥៥នាទីរសៀល ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិស្រ:ថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

គណៈប្រតិភូក្រសួងមហាផ្ទៃ បានសម្ដែងនូវក្តីក្រៀមក្រំ សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព។

មរណភាពរបស់លោកឧបាសក គឺជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលធ្លាប់បានបម្រើជាតិ មាតុភូមិប្រកបដោយឆន្ទៈ ស្មោះត្រង់ និងមនសិការខ្ពស់ក្នុងវិស័យសុខាភិបាលកម្ពុជា តាំងពីដើមទស្សវត្សឆ្នាំ៨០។

ទន្ទឹមនឹងនេះ ប្រតិភូក្រសួងមហាផ្ទៃ សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ លោក អង មង្គល និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិក្នុងលោក ព្រមទាំងទេព្តាទាំងមួយម៉ឺនលោកធាតុ សូមលោកប្រោះព្រំប្រសិទ្ធិពរដល់វិញ្ញាណក្ខន្ធលោកឧបាសក ម៉ាយ អង បានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕