(ស្វាយរៀង)៖ រថយន្តដឹកកម្មករ កម្មការិនីរោងចក្រក្រឡាបផ្ងារជើង មានអ្នករងរបួសធ្ងន់ ស្រាលប្រមាណ៦០នាក់។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានកម្មករជាង៥០នាក់ ដែលជិះនៅក្នុងរថយន្ត ប៉ុន្តែចំពោះអ្នករងរបួសបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ ចំនួន៣០នាក់ ក្នុងនោះរបួសធ្ងន់៥នាក់។

ប្រជាពលរដ្ឋបានអះអាងថា នៅមុនពេលកើតហេតុ មានរថយន្តកម្មករបើកបរពីលិចទៅកើត សំដៅទៅរោងចក្រ ស្រាប់តែមានរថយន្តក្រុងបើកបរបញ្ច្រាសទិសគ្នា ខណៈរថយន្តដឹកកម្មករវ៉ាជែង ហើយវ៉ាក់អឺជាមួយរថយន្តក្រុង ហើយបួងចង្កូតគេចបណ្ដាលឲ្យក្រឡាប់ចាក់ចោលកម្មករ រណូករណែលពេញផ្លូវតែម្ដង។

បច្ចុប្បន្នកម្មករ កម្មការិនី កំពុងតែធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យប្រតិបត្តិជីភូ មន្ទីរពេទ្យស្រុកស្វាយទាប និងមន្ទីរពេទ្យខេត្តស្វាយរៀង ហើយក៏មានការយកចិត្តទុកដាក់ ពីអាជ្ញាធរផងដែរ៕