(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយជាថ្មីអំពីការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងប្រទេស ដើម្បីជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករនិយោជិតក្នុងវិស័យទេសចរណ៍។

ការសម្រេចលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ក្នុងឆ្នាំ២០២១ ខាងលើនេះ ធ្វើឡើងស្របតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវឱ្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយ រួសរាន់ចុះឈ្មោះតាមរយៈ QR Code ដើម្បីទទួលបានការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ក្នុងឆ្នាំ២០២១នេះ និងការទទួលបានព័ត៌មានផ្សេងៗ។

ក្រសួងទេសចរណ៍ ធ្លាប់បានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃកម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ រួចមកហើយដែរ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

ការសម្រេចលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១នេះ គឺធ្វើឡើងក្នុងគោលបំណង៖

១៖ លើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ ចំពោះអាជ្ញាបណ្ណទេសចរណ៍ដែលស្ថិតក្នុងសុពលភាព។ អាជីវកម្មទេសចរណ៍គ្រប់ប្រភេទ នៅតែមានកាតព្វកិច្ចដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬរដ្ឋបាលរាជធានី-ខេត្ត ឬរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ (ទៅតាមទំហំអាជីវកម្មទេសចរណ៍ ដែលក្រសួងទេសចរណ៍បានធ្វើប្រតិភូកម្ម កន្លងមក) ក្នុងអំឡុងពេលនៃការលើកលែងនេះ។

២៖ រក្សាការបង់កម្រៃអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទចំពោះអាជីវកម្មទេសចរណ៍ ដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី ឬបន្តក្នុងឆ្នាំ២០២០ និងស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មីសម្រាប់ឆ្នាំ២០២១។

៣៖ រក្សាការបង់កម្រៃសេវាសាធារណៈ ចំពោះការស្នើសុំចំណាត់ថ្នាក់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ។

៤៖ រក្សាការអនុវត្តការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជីវកម្មទេសចរណ៍ដែលហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍ និងអាជីវកម្ម ដែលបានប្រព្រឹត្តខុសបទល្មើសផ្សេងៗចែងក្នុងឧបសម្ព័ន្ធ ៣ នៃប្រកាសអន្តរក្រសួងលេខ ១៦០ប្រក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍ ប៉ុន្តែការបង់កម្រៃសេវាសាធារណៈសម្រាប់ការបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១ នៅតែត្រូវបានលើកលែង។

៥៖ ការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានី-ខេត្ត ឬតាមរយៈទូរស័ព្ទលេខ 092 779 833 ឬ 089 767 664 ឬ 011 833 318៕