(សៀមរាប)៖ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។
ការងារនេះធ្វើឡើង ដើម្បីធានាសុវត្តិភាពអ្នកដំណើរដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ ដែលការងារនេះនឹងជួយសម្រួលដល់កិច្ចការអភិរក្ស និងជួសជុលខ្លោងទ្វារតាកាវ ដែលគ្រោងនឹងអនុវត្តក្នុងពេលឆាប់ៗនេះ។
ដើមឈើដែលបាន និងកំពុងកាត់ដកហូតចេញមានចំនួន ៨ ដើម រួមមាន ដើមចាន់ ៣ ដើម ដើមយាង ១ ដើម ស្នាយ ២ ដើម អង្កោល ១ ដើម និងស្លែង ១ ដើម ដែលស្ថានភាពដើមឈើទាំងនោះដុះទ្រេតនៅលើខឿនថ្មបាយក្រៀម មានជំងឺ និងប្រព័ន្ធឬសខ្សោយចាក់ចូលក្នុងរចនាសម្ពន្ធខ្លោងទ្វារ។
ចំណែកឯដើមឈើដែលកំពុងកាត់ក្រីមែកមានចំនួន ៤ ដើម រួមមាន ដើមចាន់ ៣ ដើម និងស្លែង ១ ដើម ដុះទ្រេតលើកំពែង ដែលត្រូវកាត់ក្រីចំនួន ៩ មែកចេញ ដើម្បីសម្រាលតួដើមឈើទាំងនោះ និងជួយសម្រួលដល់ការងារជួសជុលឲ្យបានលឿនផង៕