(តិចសាស់)៖ មនុស្សបួននាក់ ដោយក្នុងនោះរួមមានទាំងក្មេង ២នាក់ផងដែរ បានស្លាប់ បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់នៅទីក្រុង ណាវ៉ាសូតា (Navasota) ភាគខាងលិចនៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ក្រោយពីហោះហើរចេញពីព្រលាន បានតែជាងកន្លះម៉ោងប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។
យន្តហោះដែលបានធ្លាក់ខាងលើនេះ ជាប្រភេទម៉ាស៊ីនមួយ មានឈ្មោះ Cirrus SR-20 ដែលមានកៅអីតែបួនប៉ុណ្ណោះ សម្រាប់អ្នកដំណើរ និងអ្នកបញ្ជា។ វាបានធ្លាក់នៅម៉ោង ៩៖២០នាទីព្រឹក ថ្ងៃអាទិត្យ ម៉ិងនៅរដ្ឋតិចសាស់ ត្រូវនឹងពេលទៀបភ្លឺថ្ងៃចន្ទនេះ ម៉ោងនៅកម្ពុជា បន្ទាប់ពីបានព្យាយាមចុះចតនៅព្រលានយន្តហោះទីក្រុង ណាវ៉ាសូតា។
ប៉ូលិសមកពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានបញ្ជាក់នៅនឹងកន្លែកើតហេតុនោះថា យន្តហោះខាងលើនេះបានធ្លាក់ខ្ទេចខ្ទីតែម្តង ហើយមូលហេតុដែលវាធ្លាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕