(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពីការបង់ប្រាក់ពន្ធ លើអចលនទ្រព្យ តាមទូរស័ព្ទដៃ ក្នុងកម្មវិធី «GDT Taxpayer App» ដែលការជូនដំណឹងនេះបញ្ជាក់ថា ការបង់ប្រាក់ពន្ធ លើអចលនទ្រព្យ តាមកម្មវិធីទូរស័ព្ទដៃ ចាប់ផ្តើមដំណើរការហើយ។

បើតាមអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា កម្មវិធីនេះនឹងបង្កលក្ខណៈងាយស្រួល ដល់ម្ចាស់អចលនទ្រព្យ ជាអ្នកជាប់ពន្ធក្នុងការ៖

* ពិនិត្យមើលព័ត៌មាន ស្តីពីអចលនទ្រព្យដែលបានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពរួចរាល់ នៅក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ
* បង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំរបស់ខ្លួន ដោយមិនចាំបាច់បំពេញព័ត៌មាន ក្នុងទម្រង់លិខិតប្រកាសពន្ធ
* ចំណេញពេលវេលា ដោយមិនចាំបាច់អញ្ជើញទៅបង់ប្រាក់ពន្ធ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬសាខាធនាគារពាណិជ្ជ ជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ
* មិនចាំបាច់ទៅកាន់សាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ
* ទទួលបាននូវសេចក្តីជូនដំណឹងផ្សេងៗដូចជា៖ កាលបរិច្ឆេទនៃការប្រកាសបង់ពន្ធ កាលបរិច្ឆេទនៃការផុតកំណត់ការបង់ប្រាក់ពន្ធ ការប្រកាសបង់ប្រាក់ពន្ធខ្លះ ក្នុងការិយបរិច្ឆេទជាប់ពន្ធណាមួយ និងសេចក្តីជូនដំណឹងផ្សេងៗទៀត ពាក់ព័ន្ធនឹងប្រភេទពន្ធនេះ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖