(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ចំនួន៥ចំណុច ដើម្បីពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ខ្លឹមសារនៃការណែនាំចំនួន៥ចំណុច របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រួមមាន៖
*ទី១៖ អនុញ្ញាតឲ្យគ្រប់អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំឲ្យមានការផ្លាស់វេនមន្ត្រីប្រចាំការ ក្នុងអង្គភាពនីមួយៗ ដោយត្រូវធានារក្សានិន្តរភាពការងារប្រចាំថ្ងៃ។ ដោយឡែកមន្ត្រីដែលមិនត្រូវវេនប្រចាំការ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ច នៅផ្ទះរៀងៗខ្លួនតាមប្រព័ន្ធ
អនឡាញ ជានិច្ចកាលត្រៀមទទួលការទាក់ទង និងអនុវត្តតាមការណែនាំ។
*ទី២៖ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ និង៣កុំ (ពាក់ម៉ាស់ លាងដៃ ឬបាញ់អាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឲ្យបានគ្រប់គ្នាគ្រប់ទីកន្លែង និងកុំនៅកន្លែងសាធារណៈបិទជិតគ្មានខ្យល់ចេញចូល កុំជួបជុំមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំឱបថើបគ្នា) ធ្វើការវាស់កំដៅនៅច្រកចេញ-ចូលនិងស្កេន QR Code ដើម្បីពិនិត្យ និងទប់ស្កាត់កូវីដ-១៩ ឲ្យបានជាប្រចាំ។
*ទី៣៖ ត្រូវផ្អាកជាបណ្តោះអាសន្ន នូវការរៀបចំកិច្ចប្រជុំ ការប្រារព្ធពិធី ការជួបសំណេះសំណាលនានាលើកលែងតែមានករណីចាំបាច់ ឬមានបទបញ្ជា។
*ទី៤៖ ត្រូវតាមដាន ត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។ សម្រាប់កងកម្លាំងដែលមានអាការៈ ក្តៅខ្លួន ក្អក ផ្តាសាយ ឬមានការសង្ស័យណាមួយ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ទៅអង្គភាពរបស់ខ្លួន ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរ
ពេទ្យដែលនៅជិតបំផុត ឬទាក់ទងទៅភ្នាក់ងារសុខាភិបាលតាមរយៈទូរស័ព្ទលេខ ១១៥។
*ទី៥៖ ផ្អាកការអនុញ្ញាតចេញ-ចូលបរិវេណ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាបណ្ដោះអាសន្ន ចំពោះប្រជាពលរដ្ឋ ឬបុគ្គលដែលពុំមានភារកិច្ច ចាប់ពីពេលនេះ រហូតដល់មានការណែនាំថ្មី។ ដោយឡែកសម្រាប់ភ្ញៀវដែលមកទំនាក់ទំនងការងារជាផ្លូវការ ឬការងារប្រចាំថ្ងៃ មន្ដ្រីតម្រួតបទបញ្ជាប្រចាំការនៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវណែនាំភ្ញៀវឲ្យឆ្លងកាត់ទ្វារសម្លាប់មេរោគ (បាញ់អាល់កុល) និងវាស់កម្ដៅ ពីសំណាក់គ្រូពេទ្យប្រចាំការ ដោយរក្សាគម្លាតសុវត្ថិភាពមុនអនុញ្ញាតឲ្យចូលជួប នាយកដ្ឋានរដ្ឋបាលទូទៅ ដើម្បីបញ្ជាក់ព័ត៌មាន និងគ្រប់គ្រងអត្តសញ្ញាណបុគ្គល៕