(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក ក្នុងនោះយប់៨លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ (ស្រី២នាក់) រងរបួសធ្ងន់១២នាក់ (ស្រី២នាក់) និងរបួសស្រាល៥នាក់ (ស្រី២នាក់) នេះបើយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២១គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង រថយន្តធុនធំចំនួន២គ្រឿង និងអ្នកថ្មើរជើង៤នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ស្រវឹង៤លើក, មិនគោរពសិទ្ធិ៤លើក, បត់គ្រោះថ្នាក់ ១លើក និងមិនប្រកាន់ស្តាំ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៦នាក់ (យប់៤នាក់)។
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន៥៨៥៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២២៩៤គ្រឿង ពិន័យសរុប៣៥៦២គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ១២២១នាក់ ៕