(ភ្នំពេញ)៖ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ខណៈដែលការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កាន់តែធ្ងន់ធ្ងរ ដែលតម្រូវ៌ឱ្យមានវិធានការកាន់តែមុតស្រួច។
បើយោងតាមមាត្រា៨ នៃច្បាប់នេះ សម្រាប់អ្នកបំពានលើវិធានការទប់ស្កាត់ជំងឺឆ្លងរបស់រាជរដ្ឋាភិបាល នឹងត្រូវផាកពិន័យ និងដាក់ទោសធ្ងន់ធ្ងរ ក្រោម «បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល»។ បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល កំណត់ថា អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន)រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។
Fresh News សូមដកស្រង់ខ្លឹមសារសំខាន់ៗ នៃការពិន័យរដ្ឋបាល និងពិន័យពន្ធនាគារ ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដូចខាងក្រោម៖
* មាត្រា៧៖ បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក កំណត់ថា អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលពិន័យអន្តរការណ៍តាមការកំណត់នៅក្នុងអនុក្រឹត្យ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។
* មាត្រា៨៖ បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល កំណត់ថា អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន)រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។
* មាត្រា៩៖ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ កំណត់ថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ កាលបើអំពើខាងលើនេះ ត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង។
* មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល កំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
* មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ កំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
សូមជម្រាបថា បើតាមការប្រកាសរបស់ស្ថាប័ននីតិបញ្ញត្ត និងនីតិប្រតិបត្តិរបស់កម្ពុជា, ច្បាប់ថ្មីនេះបង្កើតឡើងសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕