(កំពង់ធំ)៖ ដើម្បីជួយសម្រួលដល់់ការងាររៀបចំ និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅតាមមូលដ្ឋានខេត្តកំពង់ធំ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ ក៏ដូចជាពលករដែលមកពីប្រទេសថៃ។
ការប្រគល់ទទួលថវិកាឧបត្ថម្ភនេះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយដំបូងឡើយ លោករដ្ឋមន្ត្រី ថោង ខុន រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ បាននាំថវិកាប្រគល់ជូនលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅមណ្ឌលចត្តាឡីស័កក្នុងវិទ្យាល័យ ហ៊ុន សែន ទ្រៀល។ បន្ទាប់មក គឺបានប្រគល់ជូនលោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ នៅវិទ្យាល័យ ជា ស៉ីម កំពង់ថ្ម។ បន្ទាប់មកទៀត លោករដ្ឋមន្ត្រី ថោង ខុន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ បានធ្វើដំណើរឆ្ពោះទៅទីរួមខេត្តកំពង់ធំ ដើម្បីប្រគល់ថវិកាជូនលោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ធំ។
គួរបញ្ជាក់ថា ថវិកាដែលប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ មានចំនួន ១០,០០០ ដុល្លារអាមេរិក ដែលជាថវិកាឧបត្ថម្ភរបស់លោករដ្ឋមន្ត្រី ថោង ខុន ផ្ទាល់។ រីឯថវិកាដែលប្រគល់ជូនដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក មានចំនួនសរុប ១១,៧៥០ ដុល្លារអាមេរិក។
ខាងក្រោមនេះជាបញ្ជីសប្បុរសជនឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័កនៅមូលដ្ឋានខេត្តកំពង់ធំ មូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក៖
១៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ធំ ១០,០០០ ដុល្លារ។ ដោយឡែក លោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភដល់រដ្ឋបាលស្រុកបារាយណ៍ ២,៥០០ ដុល្លារ និងឧបត្ថម្ភដល់រដ្ឋបាលស្រុកតាំងគោក ២,៥០០ ដុល្លារផងដែរ។
២៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកតាំងគោក ៥,០០០,០០០ រៀល។
៣៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកបារាយណ៍ ៥,០០០,០០០ រៀល។
៤៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកតាំងគោក ៥០០ ដុល្លារ។
៥៖ លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភថវិកាសរុប ៦,០០០,០០០ រៀល ក្នុងនោះឧបត្ថម្ភដល់រដ្ឋបាលស្រុកបារាយណ៍ ៣,០០០,០០០ រៀល និងដល់រដ្ឋបាលក្រុងស្ទឹងសែន ៣,០០០,០០០ រៀល។
៦៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកតាំងគោក ៥០០ ដុល្លារ។
៧៖ លោក គង់ សូលីដា អគ្គនាយករដ្ឋបាលក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកបារាយណ៍ ៤,០០០,០០០ រៀល។
៨៖ លោក ណេប សាមុត អគ្គនាយកក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកតាំងគោក ៥,០០០,០០០ រៀល។
សូមជម្រាបថា សម្រាប់ខេត្តកំពង់ធំមានពលករកំពុងធ្វើចត្តាឡីស័កសរុបចំនួន ៩០៦ នាក់ ក្នុងនោះមាននៅមណ្ឌលចត្តាឡីស័កចំនួន ៦៥១ នាក់ និងតាមផ្ទះចំនួន ២៤៤ នាក់ ក្នុងនោះរួមមាន៖
* មណ្ឌលគ្រប់គ្រងដោយមន្ទីរសុខាភិបាល មានពលករសរុបចំនួន ៦៤ នាក់ ក្នុងនោះមានមណ្ឌលវិទ្យាល័យកំពង់ធំមានចំនួន ៣៨ នាក់ មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកមានចំនួន ៣ នាក់ និងមណ្ឌលសាលាបឋមសិក្សាគិរីអណ្តែតមានចំនួន ៣៣ នាក់។
* ស្រុកតាំងគោក មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៣១ នាក់ និងនៅតាមផ្ទះចំនួន ១៨ នាក់។
* ស្រុកបារាយណ៍ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៦១ នាក់ និងនៅតាមផ្ទះចំនួន ១៩ នាក់។
* ស្រុកសន្ទុក មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលសរុបចំនួន ២៧ នាក់ និងនៅតាមផ្ទះចំនួន ១ នាក់។
* ក្រុងស្ទឹងសែន មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១០ នាក់ និងនៅតាមផ្ទះចំនួន ៤ នាក់។
* ស្រុកកំពង់ស្វាយ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៥៥ នាក់ និងនៅតាមផ្ទះចំនួន ៦ នាក់។
* ស្រុកស្ទោង មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ២៦៦ នាក់ និងនៅតាមផ្ទះចំនួន ១៤០ នាក់។
* ស្រុកប្រាសាទបល្ល័ង្ក មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៩៤ នាក់ និងនៅតាមផ្ទះចំនួន ៤១ នាក់។
* ស្រុកប្រាសាទសំបូរ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ២៧ នាក់ និងនៅតាមផ្ទះចំនួន ១០ នាក់។
* ស្រុកសណ្តាន់ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៦ នាក់ និងនៅតាមផ្ទះសរុបចំនួន ១១ នាក់៕