(ភ្នំពេញ)៖ ខណៈដែលជាតិ និងប្រជាជនកម្ពុជាកំពុងប្រឈមមុខខ្លាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលរហូតមកទល់ថ្ងៃទី១១ ខែមីនានេះ មានអ្នកឆ្លងជំងឺកូវីដកើនដល់ ៦២១នាក់ សប្បុរសជនជាច្រើនរូបបានប្រកាសជាបន្តបន្ទាប់ស្ម័គ្រចិត្តបរិច្ចាកថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ជូនរាជរដ្ឋាភិ បាលកម្ពុជាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ នេះគឺជាកាយវិការសប្បុរសធម៌ដែលពលរដ្ឋខ្មែរ បានថ្លែងកោតសរសើរ និងបានបង្ហាញពីវប្បធម៌ចែករំលែកចូលរួមឈឺឆ្អាល ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នាចំពោះបញ្ហាវិបត្តិជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើង និងយាយីពលរដ្ឋខ្មែរ។ ទឹកចិត្តដ៏សប្បុរសធម៌នេះបានកើតចេញដោយឯកឯង និងប្រកបដោយមោទកភាពដែលពលរដ្ឋខ្មែរបានគិតគូរនិងជួយគ្នានៅពេលនេះ។
ថវិកាជាច្រើនលានដុល្លារត្រូវបានសប្បុរសជនស្ម័គ្រចិត្តបរិច្ចាកដោយខ្លួនឯងជូនរាជរដ្ឋាភិបាលកម្ពុជា ចាត់ចែងប្រើប្រាស់ដើម្បីប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ «ជួយគ្នាក្នុងគ្រាក្រ សម្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន» ពាក្យទំនៀមរបស់ខ្មែរបុរាណដ៏មានអត្ថន័យអប់រំ និងបង្កប់ដោយសាមគ្គីភាពនេះ ពិតជាបានដក់ជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប ហើយបានធ្វើឱ្យពលរដ្ឋខ្មែរដែលមានធនធាន និងលទ្ធភាពមួយចំនួនបានចែករំលែកធនធានរបស់ខ្លួនសម្រាប់ប្រយោជន៍រួម និងជួយសង្គ្រោះអ្នកដែលខ្វះលទ្ធភាព ឬពេលប្រទេសជាតិជួបនឹងការលំបាក។ ទឹកចិត្តសប្បុរសធម៌ និងការជួយយកអាសារគ្នាទៅវិញទៅមកនេះបានពុះកញ្ជ្រោលក្នុងចំណោមសប្បុរសជន ខណៈដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូល កំពុងទទួលរងនូវការវាយប្រហារដោយជំងឺឆ្លងកូវីដ១៩ ដែលបង្កវិនាសសកម្មដល់សុខភាពមនុស្ស បំផ្លាញសេដ្ឋកិច្ច ជាតិនិងជីវភាពប្រជាពលរដ្ឋ។
«ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ Covid-19 ចំនួន៣លានដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថិរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេ តែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចឱបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែរ»។ នេះគឺជាការបញ្ជាក់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានប្រកាសបរិច្ចាកថវិការបស់ខ្លួនដោយស្ម័គ្រចិត្តនិងរីករាយបំផុត។ ទឹកចិត្តរបស់សប្បុរសជនផ្សេងៗទៀតក៏ដូចគ្នាដូច្នេះដែរ ហើយក៏ជាការបង្ហាញថាខ្មែរធ្វើបាន ខ្មែរពោរពេញដោយសាមគ្គីភាព និងខ្មែរចេះជួយយកអសារគ្នាគ្រប់កាលៈទេសៈ។
មិនតែប៉ុណ្ណោះ វប្បធម៌ចែករំលែកនេះបានក្លាយជាចលនាជាតិមួយ ដោយមានការចូលរួមបរិច្ចាកប្រាក់បៀវត្សរ៍របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដោយចាប់ផ្តើមដំបូងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានប្រកាសបរិច្ចាកប្រាក់បៀវត្សរ៍ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ស្មារតីសាមគ្គីភាពដើម្បីយកឈ្នះលើជំងឺកូវីដ១៩ បានធ្វើឱ្យពលរដ្ឋខ្មែររំភើបចិត្ត ខ្លះស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះជាទឹកចិត្តសប្បុរសដែលជនជាតិខ្មែរជួយជនជាតិខ្មែរ ជួយជាតិខ្មែរប្រឆាំងនឹងជំងឺឆ្លងដែលពិភពលោកទាំងមូលក៏ដូចជាកម្ពុជាកំពុងតែទប់ទល់ និងទប់ស្កាត់ និងបង្ការជំងឺឆ្លងដ៏កាចសាហាវនេះ និងធ្វើឱ្យដំណើរការសេដ្ឋកិច្ចនិងសង្គមវិលមកភាពប្រក្រតីតាមគន្លងថ្មីឡើងវិញ។ ទឹកចិត្តសប្បុរសធម៌ និងវប្បធម៌ចែករំលែកនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លៃ និងប្រកបដោយការសណ្តោសប្រណី និងសាមគ្គីភាពក្នុងចំណោមប្រជាជាតិខ្មែរ។
ប៉ុន្តែទឹកចិត្តសប្បុរសធម៌ និងវប្បធម៌ចែករំលែកនេះមិនបានធ្វើឱ្យ ក្រុមជនជ្រុលនិយមក្បត់ជាតិរីករាយសប្បាយចិត្តឡើយ ហើយពួកគេព្យាយាមបំផ្លាញទឹកចិត្តមនុស្សធម៌ដ៏បរិសុទ្ធនេះដោយព្យាយាមលាបពណ៌ផ្សេងៗ។ តែការពិតនៅតែជាការពិត! ទោះក្រុមជ្រុលនិយម ជនចង្រៃជាតិខិតខំបំភ្លៃ បំផ្លើសបំផ្លាញយ៉ាងណាក៏ដោយ ក៏ទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនខ្មែរនៅតែពុះកញ្ជ្រោលជានិច្ច។ ពួកគេច្រណែន និន្នានឹងរាជរដ្ឋាភិបាល ជាពិសេសជាមួយសម្តេចតេជោ ហ៊ុន សែន ក៏ព្រោះតែពួកគេមិនអាចយកឈ្នះចិត្តប្រជាពលរដ្ឋ ហើយក៏ទំនងពួកគេមិនអាចបោកប្រាស់ ឬដាក់សម្ពាធសកម្មជនខ្លួនឱ្យរៃអង្គាស ប្រាក់ឱ្យក្រុមខ្លួនបានទៀត ទើបពួកគេព្យាយាមបង្កាច់បង្ខូចទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងឡាយ។ តែកម្មពៀរពិតជាមានមែន! ពួកគេឥឡូវនេះយីអ៊ុនក៏ដាក់ អារក្ខក៏ជាន់ ពលរដ្ឋខ្មែរក៏លែងជឿ ហើយរៃអង្គាសលុយក៏លែងបាន ជីវិតនយោបាយក៏បានបញ្ចប់ស្ទើរតែទាំងស្រុង។ ពលរដ្ឋខ្មែរក៏កាន់តែដឹងច្បាស់ដែរថា នរណាជាអ្នកដែលគិតគូរប្រជាពលរដ្ឋពិតប្រាកដ ហើយនរណាមិនអើពើចំពោះពលរដ្ឋ និងដើរតែបំផ្លាញជាតិនិងប្រជាជនគ្រប់ទីកន្លែង គ្រប់ពេលវេលា។
ពលរដ្ឋខ្មែរពិតជាអរគុណចំពោះសប្បុរសជនគ្រប់រូប សូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ មានកេរ្តិ៍ឈ្មោះល្អនៅក្នុងតំបន់និងលើសកលលោក ជាពិសេសដឹកនាំជាតិនិងប្រជាជនកម្ពុជាគ្រប់គ្រងបានល្អលើវិបត្តិកូវីដ១៩ ព្រមទាំងកសាងនូវខឿនការពារសុខុមាលភាពប្រជាពលរដ្ឋបានយ៉ាងល្អតាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងបានដឹកនាំនិងដាក់ចុះនូវវិធានការប្រកបដោយគតិបណ្ឌិតដើម្បីគ្រប់គ្រងហានិភ័យទាំងឡាយដែលកើតចេញពីវិបត្តិកូវីដ។ ជាតិនិងប្រជាជនកម្ពុជាពិតជាមានសំណាងណាស់!៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១