(ភ្នពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងទទួលស្គាល់ថា មានគ្រូពេទ្យមួយចំនួនគ្មានក្រមសីលធម៌ គិត លុយជាធំ និងសម្តីអាក្រក់ ដាក់អ្នកជំងឺ តែក៏នៅមានគ្រូពេទ្យជាច្រើនទៀតមានសេចក្តីថ្លៃថ្នូរ។
នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីអញ្ជើញជាធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ បានថ្លែងថា «យើងត្រូវទទួលស្គាល់ថា គ្រូបពេទ្យយើងគឺនៅមានចំណុចខ្វះខាតខ្លះៗ ប៉ុន្តែទន្ទឹមនិងនេះគឺគ្រូពេទ្យយើង រវល់មមារញឹកត្រូវនៅប្រចាំការរាល់ថ្ងៃ ដែលមានការលះបង់ មានក្រមសីលធម៌ និងទទួលខុសត្រូវគួរឲ្យកោតសរសើរ។ ប៉ុន្តែមានគ្រូ ពេទ្យមួយចំនួនតូចគ្មានក្រមសីលធម៌ គិតតែពីលុយជាធំ។ ចឹងទេសូមអំពាវនាវចំពោះគ្រូពេទ្យទាំអស់អស់ មេត្តាជួយគ្នា មិនត្រូវជួយគ្នា កុំឲ្យគ្រូពេទ្យម្នាក់ ពីរនាក់ បំផ្លាញគ្រូពេទ្យទាំងមូល។ ត្រូវជួយដះតឿនអប់រំគ្នា ហើយត្រូវរក្សាភាពថ្លៃថ្នូរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ។ សម្តេចបានបញ្ជាក់ថា ក្រុមគ្រូពេទ្យមិនខុសពីកងកម្លាំងប្រដាប់អាវុធនោះទេ រាល់ពេលមានកម្មវិធីសប្បាយ ក៏ជាពេលមានអ្នកជំងឺ មានអ្នកគ្រោះថ្នាក់ ដែលតម្រូវឲ្យក្រុមគ្រូពេទ្យ ត្រូវនៅយាមប្រចាំការ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ដែលពេលខ្លះមិនមានពេលជួបជុំសប្បាយជាមួយគ្រួសារនោះឡើយ។
បើតាមសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា មានគ្រូពេទ្យជាង ២ម៉ឺននាក់៕