(កណ្តាល)៖ ដោយមានការយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានបែងចែកក្រុមការងារប្រចាំការចុះពិនិត្យការពារ ទប់ស្កាត់ និងតាមដានរុករកអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» តាមគោលដៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
ការបែងចែកការងារបែបនេះ លោក ប៊ុន ផេង បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកបានសហការី បន្តចុះពិនិត្យមើលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (Astra zeneca) ជូនដល់សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ជំទប់ទី១ និងមេភូមិក្នុងឃុំទាំង១៨ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គោលដៅដែរលោក ប៊ុន ផេង បានបែងចែកជូនមន្ត្រីរបស់ខ្លួនចុះតាមមូលដ្ឋានក្នុងស្រុកខ្សាច់កណ្តាលរួមមាន៖
*គោលដៅទី១៖ លោកស្រី ឡុង ណាវី អភិបាលរងស្រុក ទទួលបន្ទុកពីឃុំតាឯក ឃុំកោះចូរ៉ាម ឃុំស្វាយរមៀត ឃុំព្រះប្រសប់ និងឃុំព្រែកតាមាក់។
*គោលដៅទី២៖ លោក ចាន់ តារា អភិបាលរងស្រុក ទទួលបន្ទុកពីឃុំពុកឬស្សី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំកោះឧកញ៉ាតី និងឃុំស្វាយជ្រំ។
*គោលដៅទី៣៖ លោក អែតដា ដូរ៉ាមី អភិបាលរងស្រុក ទទួលបន្ទុកពីឃុំរកាជន្លឹង ឃុំជ័យធំ និងឃុំសន្លុង។
*គោលដៅទី៤៖ លោក ឃឹម សំភារ អភិបាលរងស្រុក ទទួលបន្ទុកពីឃុំវិហារសួគ៌ ឃុំស៊ីធរ ឃុំកំពង់ចំលង និងឃុំបាក់ដាវ។
នាឱកាសនោះដែរ លោក ប៊ុន ផេង ក៏បានចាត់ឱ្យក្រុមការងារនាំយកសាប៊ូលាងដៃប្រមាណ ២,០០០ដប ចែកជូនដល់ជូនដល់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលឃុំ មណ្ឌលសុខភាព មេភូមិ និងប្រជាការពារ ទាំង១៨ឃុំ ទូទាំងស្រុកខ្សាច់កណ្តាល៕