(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋនៅភូមិទឹកចេញ និងភូមិខ្វិតទួលឃ្លាំង ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ខណៈដែលពួកគាត់ បានដាក់សំណើរស្នើសុំជួសជុលផ្លូវមួយខ្សែ ដែលត្រូវបាននិស្សិតវាស់វែងទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់មានប្រវែង ៤ពាន់ម៉ែត្រ ទទឹង ៥ម៉ែត្រ ត្រូវបុគ្គលម្នាក់បិទជាង ៥ឆ្នាំមកហើយនោះ ហើយត្រូវបានអាជ្ញាធរស្រុក បើកឡើងវិញកាលពីចុងខែធ្នូ ឆ្នាំ២០២០កន្លងទៅ តែដោយសារតែការធ្វើដំណើរលើផ្លូវចាស់នោះមិនទាន់បាន ទើបពួកគាត់បានដាក់សំណើរសុំជួសជុលផ្លូវនេះឡើងវិញ ដែលបានដាក់សំណើរយៈពេល ២ខែហើយអាជ្ញាធរខេត្ត នៅមិនទាន់អនុញ្ញាតច្បាប់ជូនពួកគាត់នៅឡើយ។
ជុំវិញរឿងខាងលើនេះ តំណាងប្រជាពលរដ្ឋនៅក្នុងភូមិខ្វិតទួលឃ្លាំងនិងភូមិទឹកចេញ នៅព្រឹកថ្ងៃទី១០ ខែមីនានេះ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជាង៥ឆ្នាំកន្លងមកហើយ ដែលផ្លូវចាស់មួយខ្សែនេះ ទោះបីក្រុមនិស្សិតបានវាស់វែងចេញប័ណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋហើយក៏ដោយ តែក្រុមនិស្សិតបានទុកដីផ្លូវចាស់ជូនប្រជាពលរដ្ឋឲ្យប្រើប្រាស់ជាធម្មតាផងដែរ។
ប៉ុន្តែត្រូវបានលោក ខូវ គាត ដែលបានទិញដីនៅម្ដុំនោះ បានបិទផ្លូវមួយខ្សែនេះដោយគាត់ថាជាផ្លូវទាល់ ដែលមិនអាចតភ្ជាប់ចេញទៅលើផ្លូវលេខ៥៣បាន។ តែក្រោយពីប្រជាពលរដ្ឋនាំគ្នាដាក់លិខិតសុំ អន្តរាគមន៍ឲ្យបើកផ្លូវនេះ ឡើងវិញ និងមានការដោះស្រាយយ៉ាងចម្រូងចម្រាស់រួចមកនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក សូត្រ សង់ ជាអភិបាលរងស្ដីទីស្រុកទឹកផុស អនុវត្តតាមបញ្ជាររបស់លោកអភិបាលខេត្តកំពង់ឆ្នាំង បានចុះមកបើកផ្លូវមួយខ្សែ នេះឡើងវិញ នឹងត្រូវបានប្រជាពលរដ្ឋអបអរសាទរយ៉ាងក្រៃលែង។
ប៉ុន្តែក្រោយពីការបើកផ្លូវនេះឡើងវិញរួច ប្រជាពលរដ្ឋនៅតែមិនអាចប្រើប្រាស់លើផ្លូវនេះបានដោយសារលោក ខូវ គាត មិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវថ្មី ដែលលោកកសាងដោយខ្លួនឯងនៅក្នុងដីចំការរបស់លោក ត្រូវធ្វើរបងបិទមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានឡើយ។
ដោយឡែក ផ្លូវចាស់នេះមួយចំនួន ក្រោយពីគេបានបិទរយៈពេលជាង៥ឆ្នាំកន្លងមក បានដុះព្រៃឡើងវិញ និងកំណាត់ផ្លូវមួយចំនួនបានឆ្លងកាត់អូរ២-៣កន្លែង ដែលមិនអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បាន ហើយនៅលើផ្លូវចាស់មួយចំនួននោះដែរ ក៏ត្រូវបានលោក ខូវ គាត ដាំដំណាំពីលើ និងសាងសង់សំណង់រឹងពីលើផងដែរ។
ដោយមានការគាំទ្រពីសប្បុរសជន ដែលស្ម័គ្រ ចិត្តជួយគ្រឿងចក្រសម្រាប់ឈូសឆាយ និងថវិកាបដិភាគ ដើម្បីជួសជុលផ្លូវចាស់នេះសម្រាប់ទុកជូនប្រជាពលរដ្ឋប្រើប្រាស់វិញនោះ ពួកគាត់ក៏បានធ្វើលិខិតស្នើសុំជួសជុលផ្លូវ ចាស់មួយខ្សែនេះឡើងវិញ លិខិតស្នើសុំចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយស្នើសុំអាជ្ញាធរអនុញ្ញាតច្បាប់ឱ្យប្រជាពលរដ្ឋ ធ្វើការជួសជុលផ្លូវចាស់នេះឡើងវិញ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈដោយចំណាយថវិការបស់សប្បុរសជន និងថវិកាបដិភាគរបស់ប្រជាពលរដ្ឋ។
ទាក់ទងនឹងការស្នើសុំជួសជុលផ្លូវនេះដែរ ភ្នាក់ងារព័ត៌មាន Fresh News បានឃើញលិខិតរបស់លោក សូត្រ សង់ អភិបាលរងស្ដីទីស្រុកទឹកផុស លេខ០៩៥ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្នើសុំលោកអភិបាលខេត្ត ជួយបង្កើតក្រុមការងារចម្រុះ ដើម្បីចុះសិក្សាសំណើរសុំជួសជុលផ្លូវខាងលើនេះរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋក៏បានឃើញលិខិតបង្គាប់ ការលេខ២៦៥ ចុះថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២៩២១ បង្កើតក្រុមការងារចម្រុះ ដែលមានលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ប្រធានក្រុមការងារចម្រុះអោយចុះសិក្សាសំណើសុំជួសជុលផ្លូវខាងលើនេះផងដែរ។
ដោយឡែកក្រោយពីបង្កើតក្រុមការងារចម្រុះខាងលើនេះ តាមប្រភពព័ត៌មានពីមន្ត្រីសាលាស្រុកទឹកផុស បានឲ្យដឹងថា ក្រុមការងារចម្រុះនឹងចុះមកសិក្សា និងកំណត់ទីតាំងជួស ជុលផ្លូវខាងលើនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។
ប៉ុន្តែក្រុមការងារចម្រុះដឹកនាំដោយលោក សាន់ យូ នៅព្រឹកថ្ងៃទី១០ ខែមីនានេះ ពិតជាបានចុះមកដល់សាលាបុណ្យក្នុងភូមិខ្វិតទួលឃ្លាំងពិតមែន ប៉ុន្តែបានត្រឡប់ទៅវិញ ដោយមិនបានចុះដល់ទីតាំងដីដែលត្រូវកំណត់អនុ ញ្ញាតឱ្យជួសជុលផ្លូវខាងលើនេះឡើយ។
ទាក់ទងនិងក្រុមចម្រុះដែលចុះមកហើយ តែមិនបានទៅដល់ទីតាំងដីខាងលើនេះ លោក សុខ សុន្ធី អភិបានរងស្រុកទឹកផុស ដែលត្រូវចូលរួមក្នុងការងារនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទឱ្យដឹងថា ក្រុមការ ងារចម្រុះមិនអាចចុះទៅកើតទេ ដោយសារតែនៅដៃលោកអភិបាលរងខេត្ត គ្មានឯកសារច្បាស់លាស់ ព្រោះប្រជាពលរដ្ឋអ្នកស្នើសុំនៅភូមិឃុំផ្សេង និងពុំមានអាជ្ញាធរខាងហ្នុងចូលរួម ហើយពេលសួរឃុំ ឃុំថា អត់មកទេ ទើបក្រុមការងារបញ្ចប់ការងារនេះត្រឹមហ្នឹង។
ចំណែកលោកស្រីមេឃុំក្បាលទឹកឯណាវិញ ក៏បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ថា លោកស្រីបានរៀបចំទៅហើយ ប៉ុន្តែនៅមានការឆកល្វែងត្រង់ថា មិនបានធ្វើលិខិត អញ្ជើញភាគីដែលបានស្នើសុំជួសជុលផ្លូវ ដូច្នេះផែនការត្រូវផ្អាកសិន រង់ចាំមើលលោកអភិបាលខេត្ត និងរៀបចំធ្វើលិខិតអញ្ជើ ញភាគីស្នើសុំម្ដងទៀត រឿងនេះមានការឆកល្វែងបន្តិចដែរ។
ចំណែកលោក ប៊ុន ចាន់វីរៈ ដែលត្រូវជាកូន លោក ខូវ គាត បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា កាលពីលើកមុនក្រុមការងារបានចុះមពិនិត្យមើលផ្លូវនៅក្នុងដីរបស់លោកនេះ បន្ទាប់មកលោកក៏បានបើកផ្លូវនេះ តាមសំណូមពររបស់ប្រជាពលរដ្ឋ និងក្រុមការងារឡើងវិញហើយ។ ប៉ុន្តែកាលពីមួយរយៈមុន ប្រជាពលរដ្ឋដែលជាម្ចាស់គោ បានមកទីនេះដើម្បីស្នើសុំឲ្យធ្វើសំណាញ់រាំងផ្លូវនេះ តែសំណាញ់នេះអាចបិទបើកបាន នៅពេលដែលប្រជាពលរដ្ឋចង់ឆ្លងកាត់ទីនេះ។ ចំពោះផ្លូវនៅក្នុងដីរបស់លោកនេះ ដោយសារតែមានផលប៉ះពាល់ដូចជាអូរជ្រៅៗ និងព្រៃឬស្សីដុះច្រើន ដែលមិនអាចធ្វើចរាចរណ៍បានដូច្នេះប្រជាពលរដ្ឋ និងលោកដែលជាម្ចាស់ដី ស្នើសុំឲ្យក្រុមចំរុះថ្នាក់ខេត្ត មេត្តាចុះមកពិនិត្យជាក់ស្ដែង ថាតើការជួសជុលផ្លូវមួយខ្សែនេះឡើងវិញមានផលប៉ះពាល់អ្វីខ្លះ។ បើមានផលប៉ះពាល់ច្រើន លោកក៏ស្នើសុំក្រុមការងារថ្នាក់ខេត្តមេត្តាធ្វើផ្លូវវាងមួយខ្សែ ជូនប្រជាពលរដ្ឋវិញជំនួសផ្លូវចាស់នេះ។
ទាក់ទងករណីដែលប្រជាពលរដ្ឋស្នើសុំជួស ជុលផ្លូវមួយខ្សែប្រវែង៤ពាន់ម៉ែត្រ ស្ថិតក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលគេបានបិទជាង៥ឆ្នាំហើយនោះ ពួកគាត់បានដាក់សំណើរសុំជួស ជុលផ្លូវខាងលើនេះ រយៈពេល២ខែហើយ តែអាជ្ញាធរខេត្តនៅមិនទាន់អនុញ្ញាតឲ្យពួកគាត់នៅឡើយ។ ពួកគាត់ក៏បានលើកដៃសំពះសំ ណូមពរជាថ្មីម្ដងទៀត ដល់អាជ្ញាធរខេត្ត សូមលោកមេត្តា អនុញ្ញាតច្បាប់ធ្វើការជួសជុលផ្លូវនេះ ឲ្យពួកគាត់ បានមុនរដូវវស្សានេះផង ព្រោះការចំណាយជួសជុលគឺជាថវិការបស់សប្បុរសជន និងថវិកាបដិភាគរបស់ប្រជាពលរដ្ឋ៕