(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងដល់សាធារណជនដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន សូមកាត់បន្ថយចំនួនអ្នកចូលរួមឱ្យមកនៅកម្រិតទាបបំផុត ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ-១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។
ការណែនាំបែបនេះ របស់រដ្ឋបាលខេត្តស្វាយរៀង បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តស្វាយរៀង។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនានេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់សាធារណជនដែលមានរៀបពិធី រៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន សូមកាត់បន្ថយចំនួនអ្នកចូលរួមឱ្យមកនៅកម្រិតទាបបំផុត និងត្រូវស្រង់ឈ្មោះអ្នកចូលរួមឱ្យបានច្បាស់លាស់ ឬប្រើ QR Code Stop Covid (ត្រូវកត់ចំណាំលេខទូរស័ព្ទអ្នកមកពីក្រៅខេត្ត) ត្រូវពាក់ម៉ាស ប្រើសាប៊ូលាងដៃ ឬប្រើប្រាស់អាល់កុលបាញ់សម្អាតមេរោគ នៅតាមមូលដ្ឋានរបស់ខ្លួន និងត្រូវជួយបន្តផ្សព្វផ្សាយខ្លឹមសារអប់រំសំខាន់ៗ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម»។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៣៩នាក់ថែមទៀត ខណៈអ្នកជំងឺ៤៨នាក់បានជាសះស្បើយ។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាល៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖