(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមហ៊ុន ប៉េងហួត គ្រុប បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
ដោយមានការយកចិត្ដទុកដាក់ពីសុខមាលភាពរបស់ប្រជាជន ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន ៣លានដុល្លារ បន្ថែមទៀត ជូនដល់សម្តេចតេជោហ៊ុនសែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនបានបរិច្ចាគថវិកាតាមរយៈរាជរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា បានលើកឡើងថា៖ «ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែលបានខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ហើយក៏សូមថ្លែងអំណរគុណផងដែរចំពោះអតិថិជន និងដៃគូសហការរបស់ បុរី ប៉េង ហួត ដែលបានចូលរួមចំណែកក្នុងបេសកកម្មដ៏ថ្លៃថ្លាមួយនេះ»។
ចុងក្រោយ លោក ចាន់ រដ្ឋា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល។ ជាពិសេសត្រូវអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ។
* ៣ការពារ៖
១៖ ពាក់ម៉ាស់។
២៖ លាងដៃ។
៣៖ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។
* ៣កុំ៖
១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។
២៖ កុំទៅកន្លែងមានមនុស្សច្រើនកុះករ។
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាល។ ដោយឡែកព្រឹត្តិការណ៍២០កុម្ភៈ មានអ្នកឆ្លងកូវីដ១៩ចំនួន៦៥២នាក់៕