(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញនូវក្ដីរន្ធត់ និងសោកស្តាយក្រោយទទួលបានព័ត៌មាន អំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ម្នាក់ នៅមន្ទីរពេទ្យរុស្សី។
លោក ហ៊ុន ម៉ានី តាមរយៈ Facebook ផ្លូវការរបស់លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានក្តីរន្ធត់ និងសោកស្តាយ ដោយបានទទួលព័ត៌មាន អំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ម្នាក់ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ»។
លោក ហ៊ុន ម៉ានី សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារ ដោយសារជំងឺកូវីដ-១៩ផងដែរ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំនេះ ជាករណីទី១ សម្រាប់កម្ពុជាហើយ ក៏បានបញ្ជាក់ និងបង្ហាញច្បាស់លាស់ ពីហានិភ័យ ដ៏កាចសាហាវដល់អាយុជីវិត បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចមនុស្សទូទៅនៅលើពិភពលោក។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឲ្យបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ជាពិសេស អនុវត្ត ៣កុំ និង ៣ការពារ។
សូមជម្រាបថា ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនានេះ បានចេញសេចក្តីប្រកាស ពីការស្លាប់អ្នកជំងឺកូវីដ១៩ម្នាក់ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី ដែលជាករណីលើកដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។
ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន ហើយពាក់ព័ន្ធនឹងក្លឹប N8។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា សពរបស់អ្នកកើតជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។
សពមានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថា មានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕