(ភ្នំពេញ)៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ គឺជាខួប ១១ឆ្នាំ ដែលប្រទេសជប៉ុន បានជួបគ្រោះរញ្ជួយដី រលកយក្សស៊ូណាមិ ដ៏ធ្ងន់ធ្ងរ ព្រមទាំងបែកធ្លាយរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបង្កឱ្យមានគ្រោះមហន្តរាយ និងស្លាប់បាត់បង់ជីវិតពលរដ្ឋជប៉ុនជាច្រើននាក់ នៅក្នុងខេត្តហ្វូ៊គូស៊ីម៉ា (Fukushima)។
រដ្ឋាភិបាលជប៉ុនបានចំណាយប្រាក់ជាង ៣០០ពាន់លានដុល្លារ ដើម្បីជួសជុលតំបន់រងការខូចខាត និងបំផ្លាញដោយរលកយក្សស៊ូណាមិ។ ដើម្បីរំលឹកដល់ថ្ងៃដ៏សោកសៅរបស់ពលរដ្ឋជប៉ុននេះ ព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ, នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ និងប្រជាជនជប៉ុនទាំងឡាយ នឹងប្រារព្ធពិធីស្មឹងស្មាធគោរពវិញណក្ខន្ធជនរងគ្រោះរសៀលថ្ងៃព្រហស្បតិ៍នេះ។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ក៏បានរំលឹកដល់សោកនាដកម្មនោះផងដែរ។ លោកឯកអគ្គរាជទូត បានចូលរួមរំលែកទុក្ខចំពោះប្រជាជន និងក្រុមគ្រួសារជនរងគ្រោះ។
លោកបានរំលឹកថា ក្នុងពេលនោះរូបលោកស្ថិតនៅទូក្រុងតូក្យូ ហើយបានចងចាំមិនភ្លេចនូវវិបត្តិមួយនេះ។
លោកឯកអគ្គរាជទូត បានបន្តថា ស្ថិតក្នុងការព្យាយាមបន្តស្តារឡើងវិញ សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាជនក្នុងប្រទេសជប៉ុន ត្រូវបានបោះជំហានទៅមុខបន្តិចម្តងៗ ដោយមានការចូលរួមគាំទ្រពីទូទាំងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលយើងខ្ញុំមិនដែលបំភ្លេចនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។
ទន្ទឹមនឹងការរំលឹកដល់ថ្ងៃនៃការរងគ្រោះដ៏វេទនានោះ លោកឯកអគ្គរាជទូតជប៉ុន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាគ្រប់រូប ដែលបានជួយដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនាពេលនោះ៕