(ភ្នំពេញ)៖ ក្រោយប្រតិបត្តិការចុះបិទទីតាំងលួចបើកខារ៉ាអូខេ ក្លឹបកំសាន្ត បារាត្រី ចំនួន៣ទីតាំង កាលពីយប់ថ្ងៃទី១០ ខែមីនា មនុស្សបុរសស្រី ចំនួន៥៧នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន និងដាក់ QR Code ដើម្បីរកអ្នកពាក់ព័ន្ធដោយប្រយោលនៃជំងឺកូវីដ ហើយក៏បានរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន ដើម្បីចាត់ការទៅតាមនីតិវិធី។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា មនុស្សប្រុសស្រីទាំង ៥៧នាក់នេះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើតេស្ត និងដាក់ QR Code នៅស្នងការរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង បានចុះបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ ដែលផ្គើននឹងការណែនាំរបស់រាជរដ្ឋាភិបាល នៅ៣ទីតាំងកាលពីយប់ថ្ងៃទី១០ ខែមីនា ដោយឃាត់ខ្លួនបុរសស្ត្រីបានចំនួន ៥៧នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។
លោកបញ្ជាក់ថា មនុស្សប្រុសស្រីចំនួន៥៧នាក់នេះ ក្នុងនោះយើងបានឃាត់ខ្លួននៅភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ចំនួន២២នាក់ ហើយក្នុងចំនួននេះមាន មេការ៣នាក់។ នៅភោជនីយដ្ឋាន អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាហាងលួចលាក់បេីកខារ៉ាអូខេដែរនោះ ឃាត់ខ្លួនបានប្រុស ស្រីចំនួន៣៥នាក់ មេការចំនួន៣នាក់ និងទី៣ នៅបា បារំាងមួយទីតាំងក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
លោកបន្តថា ចំពោះអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន កម្លាំងមានសមត្ថកិច្ចនឹងបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន។ ចំពោះនារីបម្រើនៅក្នុងខារ៉ាអូខេ យើងបានធ្វើកិច្ចសន្យាអប់រំ ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ នឹងតម្រូវឱ្យពួកគេធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ។ ដោយឡែកចំពោះមេការ និងម្ចាស់ទីតាំង នឹងត្រូវរៀបចំនីតិវិធី ប្តឹងទៅកាន់តុលាការ ដើម្បីអនុវត្តអយបានតឹងរុឹងជាគំរូទៅដល់ម្ចាស់អាជីវកម្មផ្សេងទៀត ដែលមិនអនុវត្តតាមវិធានរបស់គណៈកម្មាធិការប្រឆាំងជំងឺកូវីដ១៩។
លោក ម៉េត មាសភក្តី បានបន្តទៀតថា តាមការណែនាំរបស់លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គឺបានដាក់បញ្ជាឱ្យខណ្ឌទាំង១៤ ពង្រឹងឡើងវិញធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន នូវការលួចបើកខារ៉ាអូខេបំពានទៅនឹង ការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ៕