(ស្ទឹងត្រែង)៖ ស្ដ្រីក្រីក្រមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ត្រូវការឈាមដើម្បីសង្គ្រោះបន្ទាន់នៅខេត្តស្ទឹងត្រែង ចំនួន២នាក់ ទទួលបានឧបត្ថម្ភ និងសណ្ដោសប្រណីពីលោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង។ ក្នុងឱកាសចុះសួរសុខទុក្ខ និងបរិច្ចាគឈាមដល់ស្ដ្រីនោះ ក៏មានការចូលរួមពី ប្រធានមន្ទីរកិច្ចការនារីខេត្តផងដែរ។
ដោយមើលឃើញពីទុក្ខលំបាកនេះ លោកស្រី កែវ សាវឿន ដែលជាថ្នាក់ដឹកនាំខេត្ត និងត្រូវជាកូនរបស់ឥស្សរិយជនជាន់ខ្ពស់ប្រចាំភូមិភាគឦសាន្ដ គឺលោក ស៉ើយ កែវ អតីតសមាជិកព្រឹទ្ធសភា បានសម្រេចឧបត្ថម្ភនូវថវិកា និងបរិច្ចាគឈាមដោយខ្លួនឯងជូនដល់ស្ដ្រីខាងលើនោះ។
លោកស្រី កែវ សាវឿន ក្នុងនាមជាថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងមួយរូបនោះ បានផ្ដាំផ្ញើ និងណែនាំដល់ស្ដ្រីរងគ្រោះ ត្រូវខិតខំថែរក្សាសុខភាព កុំបាក់ទឹកចិត្ត ទោះបីពេលនេះធ្លាក់ខ្លួនឈឺ ប៉ុន្ដែជំងឺអាចព្យាបាលជា ដូច្នេះហើយត្រូវតែរឹងមាំ និងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញផងដែរ។
គួរជម្រាបថា ស្ដ្រី២នាក់នេះនៅស្រុកសៀមប៉ាង ដែលម្នាក់កើតជំងឺឈាមស ស៉ីឈាមក្រហម និងម្នាក់ទៀត ជាស្ដ្រីមានផ្ទៃពោះគ្រប់ខែ ប៉ុន្ដែអកុសលកូនស្លាប់ក្នុងផ្ទៃ ក៏ត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ដោយសារការយកចិត្តទុកពីគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យបង្អែកខេត្ត រហូតមកដល់ពេលនេះ ពួកគាត់មានសភាពធូរស្រាលច្រើនហើយ៕