(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះដោះស្រាយបញ្ចប់បញ្ហាបើកផ្លូវសាធារណ:ត្រឹមតែជាង ១០ម៉ោង ដែលរឿងនេះមានអាយុ កាលជាង១៦ឆ្នាំកន្លងមកហើយ។ ករណីនេះស្ថិតក្នុងភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដោយភាគីទំនាស់យល់ព្រមរុះរើរបងបេតុង និងបើកផ្លូវប្រើប្រាស់ជាសាធារណៈវិញ។
សូមរំលឹកថា ករណីទំនាស់ដីផ្លូវសាធារណ:នេះ កើតឡើងតាំងពីឆ្នាំ២០០៥ មកម្ល៉េះ រហូតបានប្តឹងចូលតុលាការនៅឆ្នាំ២០០៦ និងមានចេញដីកាកិច្ចការប្រញ៉ាប់ ក្នុងការបើកផ្លូវទទឹង ៣ម៉ែត្រ។ តុលាកាបានបង្គាប់ឲ្យ ភាគីម្ខាងទៀតអនុវត្ត តែភាគីនោះ មិនព្រមអនុវត្តតាមការសម្រេចរបស់ដីកានោះ រហូតមកដល់បច្ចុប្បន្ននេះ។
ប៉ុន្តែយ៉ាងណាក៏ដោយនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី, អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំគណៈកម្មការចម្រុះខេត្ត ចុះដោះស្រាយបញ្ចប់ករណីវិវាទនេះ ដោយមានការចូលរួមពីសំណាក់ប្រធានតុលាកាខេត្តកំពង់ចាមលោក សួស ឡា និងព្រះរាជអាជ្ញាលោក វង្ស ប៊ុនវិសុទ្ធ រួមទាំងមន្ទីរជំនាញ, អាជ្ញាធរមូលដ្ឋាន និងគូភាគីទាំងសងខាង និងអ្នកតំណាងភាគីក៏មកចូលរួមផងដែរ។
ដោយអនុវត្តតាមនីតិវិធីនៃការដោះស្រាយបញ្ហា និងឈានដល់ការយល់ព្រមពីភាគីសាងសង់របងលើដីផ្លូវសាធារណ: ក្នុងការស្ម័គ្រចិត្តរុះរើរបងថ្មដោយខ្លួនឯង។ ទន្ទឹមនឹងនេះជាការឆ្លើយតបតាមសំណូមពររបស់គូរភាគីទំនាស់ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជួយឧបត្ថម្ភថវិកាចំនួន ៥លានរៀល សម្រាប់រុះរើផ្ទះ និងរបងថ្ម ចេញពីផ្លូវសាធារណៈដែលភាគីបង្កបានបិទរយៈពេលជាង១៦ឆ្នាំមកហើយ។
សូមបញ្ជាក់ថា ការដោះស្រាយនេះដែរ គូភាគីបានព្រមព្រាងទទួលយកទាំងសងខាងដោយក្តីរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន រួមទាំងក្រុមការងារទាំងអស់ ដែលបានចុះមកជួយ ដោះស្រាយជូនពួកគាត់៕