(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ ចុះទៅបង្ក្រាបទីតាំងកាសីុណូ អត់ច្បាប់មួយកន្លែងទើបបើកដំណើរការបានមួយភ្លែត ស្ថិតនៅក្នុងបុរីប្រិមប្រិយ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសខេត្តសៀមរាប បានប្រាប់ Fresh News ថា «ក្រោយចុះបង្ក្រាបកម្លាំងរបស់យើងក្រោមការបញ្ជាផ្ទាល់ពីអភិបាលខេត្ត បានឃាត់មនុស្ស១៤នាក់ មានស្រី៥នាក់ រួមទាំងមេការម្នាក់ ព្រមទាំងឧបករណ៍សម្រាប់លេងល្បែងសីុសងជាច្រើនផងដែរ»។
លោកស្នងការរង បានបញ្ជាក់បន្ថែមថា «នេះជាកន្លែងបើកល្បែងសីុសងដ៏ធំ ដែលយើងអាចហៅថា ជាកាសីុណូ អត់ច្បាប់មួយ ស្ថិតនៅអតីតហាងម៉ាស្សា វាយបញ្ចូលគ្នា៥ល្វែង»។
លោក អ៊ុំ អមរ៉ា បានបន្តថា ចំពោះទីតាំងល្បែងសីុសងមួយនេះ ក្រោយទទួលបានព័ត៌មានជំនាញមកនោះ លោកអភិបាលខេត្ត បានបញ្ជាឲ្យលោកដឹកនាំកម្លាំង ចុះសើុបអង្តេត និងតាមដានស្រាវជ្រាវ ហើយនៅពេលបើកដំណើរការ មានភស្តុតាងនោះ គឺយើងចូលបង្ក្រាបតែម្តង។
ក្រោយការឃ្លាំមើល នារយៈពេលប្រមាណជិតមួយអាទិត្យនេះ តាំងពីថ្ងៃពួកគេដឹកសម្ភារៈចូល រហូតយប់ថ្ងៃនេះ ពួកគេបានបើកដំណើរថ្ងៃដំបូង ក៏យើងចុះបង្ក្រាបតែម្តង ដោយសហការគ្នារវាងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ។
ក្រោយការចុះបង្ក្រាប និងចាប់ខ្លួនមនុស្សទាំង១៤នាក់រួចមក ពួកគេ និងវត្ថុតាងរួមមាន បៀរបាក់ការ៉ាត់៤ បៀរសន្លឹក ១០កេស ទូហ្គេម ២៨គ្រឿង និងទូហ្គេមបាញ់ត្រី៣គ្រឿង រ៉ូឡិច ១គ្រឿង កុំព្យូទ័រ ២គ្រឿង កាមេរ៉ា ៥គ្រឿង រួមនិងសំភារៈផ្សេងៗ មួយចំនួនថែមទៀត ដែលត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៀត៕