(កំពង់ធំ)៖ នៅវេលាម៉ោង៥៖៣០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ពលករចំណាកស្រុកមកពីប្រទេសថៃ តាមច្រកនានា នៃខេត្តបន្ទាយមានជ័យ ដែលរស់នៅតាមបណ្ដាស្រុកក្រុងមួយចំនួនក្នុងខេត្តកំពង់ធំ ចំនួន៤២២នាក់ ស្រីចំនួន១៥៤នាក់ បានធ្វើដំណើរមកដល់មណ្ឌលធ្វើចត្តាឡីស័ក ខេត្តកំពង់ធំំហើយ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ពលករជាង ៤០០នាក់នេះ ត្រូវបានរដ្ឋបាលខេត្តចាត់តាំងលោក ព្រឹម រដ្ឋា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តកំពង់ធំ ទៅទទួលទិសខេត្តបន្ទាយមានជ័យ តាមរថយន្តកងយោពលខេមរភូមិន្ទ ចំនួន ២៤គ្រឿង។
លោកបានលើកឡើងថា ដោយអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តកំពង់ធំ បានបង្កើតក្រុមការងារ ដើម្បីដឹកនាំបងប្អូនពលករដែលមកពីប្រទេសថៃ ក្នុងគោលបំណងឱ្យ បងប្អូនពលករ ទៅធ្វើចត្តាឡីស័កនៅមូលដ្ឋានខេត្តកំពង់ធំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរបស់អាជ្ញាធរពិសេស ជួយសម្រួលការលំបាករបស់ពលករឱ្យបានជិតទីតាំងរស់នៅរបស់ពលករផង។
ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងនេះ ឱ្យបានទទួលជោគជ័យលោក សុខ លូ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការការពារខ្លួន កុំមានការធ្វេសប្រហែស និងស្តាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាលក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។
ជាមួយគ្នានេះលោក សុខ លូ បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក មេត្តាបង្កើនការយកចិត្តទុកដាក់ និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីហានិភ័យ និងវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩នេះ ដើម្បីបញ្ចៀសបានទាំងស្រុងនូវការឆ្លងរាលដាលក្នុងសហគមន៍ និងយកចិត្តដាក់ខ្ពស់បំផុតអំពីការរស់ការស្នាក់នៅបានសមរម្យ។
សូមបញ្ជាក់ថា ពលករដែលត្រឡប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តកំពង់ធំ ដែលចេញដំណើរពីមណ្ឌលចត្តាឡីស័ក ទាំង១២មណ្ឌល ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ មានចំនួន៤២២នាក់ ស្រី១៥៤នាក់ ក្នុងនោះស្រុកស្ទោង ចំនួន២១៥នាក់ ស្រី៨១នាក់, ស្រុកប្រាសាទបល្ល័ង្ក ចំនួន៧៥នាក់ ស្រី២៥នាក់, ស្រុកប្រាសាទសំបូរ ចំនួន១៨នាក់ ស្រី៥នាក់, ស្រុកសណ្ដាន់ ចំនួន១៥នាក់ ស្រី៥នាក់, ស្រុកកំពុងស្វាយ ចំនួន៣៣នាក់ ស្រី១៣នាក់, ក្រុងស្ទឹងសែន ចំនួន០៤នាក់ ស្រី០៣នាក់, ស្រុកសន្ទុក ចំនួន០៧នាក់ ស្រី០៤នាក់, ស្រុកបារាយណ៍ ចំនួន២៧នាក់ ស្រី១១នាក់ និងស្រុកតាំងគោក ចំនួន១៨នាក់ ស្រី៧នាក់៕