(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
នៅក្នុងសាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរថា «ខ្ញុំបាទនិងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។
សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង»។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាល។ ដោយឡែកព្រឹត្តិការណ៍២០កុម្ភៈ មានអ្នកឆ្លងកូវីដ១៩ចំនួន៦៥២នាក់៕