(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចនៃប្រទេសមួយអាចមានលំនឹង រីកលូតលាស់ទៅបាន គឺអាស្រ័យទៅកត្តាច្រើនយ៉ាង ដែលនៅក្នុងនោះវិស័យវិនិយោគឯកជន គឺជាផ្នែកមួយដែលត្រូវតែជម្រុញ និងមិនអាចខ្វះបានក្នុងការរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយកត្តាខាងលើនេះ នឹងមិនអាចកើតឡើងបានដែរ បើសិនប្រទេសយើងធ្លាក់ នៅក្នុងស្ថានភាពអសន្តិសុខ និងបាត់បង់នូវស្ថេរភាពសង្គម។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈចូលរួមក្នុងពិធីសម្ពោធផ្ទះគំរូ និងបើកការដ្ឋានសាងសង់អាគារកម្ពស់៣៩ជាន់ នៃមជ្ឍមណ្ឌល The Gateway នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក ហ៊ន ម៉ាណែត បានបញ្ជាក់ថា តាមរយៈគោលនយោបាយផ្សារសេរី និងសក្តានុពលអនុគ្រោះផ្សេងៗ ព្រមទាំងបរិយាកាសសន្តិសុខ និងស្ថេរភាពសង្គមនៅកម្ពុជា ក្រោមការជម្រុញលើកទឹកចិត្ត និងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ចរន្តសេដ្ឋកិច្ចទីផ្សារវិស័យឯកជននៅកម្ពុជា នឹងកាន់តែកើនឡើងជាលំដាប់ ដែលនឹងបន្តជម្រុញដល់ភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ចជាក់ជាមិនខាន។
លោក ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា កម្ពុជាបានអនុម័តច្បាប់ និងលក្ខខណ្ឌមួយចំនួន ដើម្បីសម្រួលដល់ការបើកចំហរសេដ្ឋកិច្ច ឱ្យកាន់តែល្អប្រសើរ និងលើកទឹកចិត្តដល់វិនិយោគបរទេស ហើយបច្ចុប្បន្ននេះកម្ពុជា គឺជាប្រទេសដែលបានផ្តល់នូវរបបវិនិយោគសេរី និងអនុគ្រោះពន្ធលើកទឹកចិត្តច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍ដែលការវាយតម្លៃ របស់ធនាគារពិភពលោក កម្ពុជាយើងគឺជាប្រទេស ដែលជាប់ចំណាប់លេខ១០ក្នុងចំណោមបណ្តាប្រទេសចំនួន១៧០ប្រទេស លើកំណើនសេដ្ឋកិច្ចល្អបំផុតក្នុងទស្សវត្សកន្លងទៅ ជាពិសេសបានធ្វើឲ្យអាត្រាភាពក្រីក្រ បានធ្លាក់ចុះជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកម្ពុជាទទួលចំណាត់ថ្នាក់ទី៤ ក្នុងពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយ៉ាងសកម្ម។
ជាក់ស្តែងអាគារកម្ពស់៣៩ជាន់ នៃមជ្ឍមណ្ឌល The Gateway ដែលយើងប្រារព្ធនាឱកាសនេះ គឺជានិមិត្តរូបក្នុងការភាពរីកលូតលាស់ នៃវិស័យឯកជនថ្មីមួយថែមទៀត ដែលរាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យនេះ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ក្នុងគោលដៅជម្រុញសកម្មភាពសេដ្ឋកិច្ច ការបង្កើតទីផ្សារការងារ និងការលើកម្ពស់ប្រាក់ចំណូលជូនប្រជាជន៕