(ព្រះសីហនុ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅច្រកកំពង់ផែនានានៅក្នុងខេត្តព្រះសីហនុ ដែលមានការទំនាក់ទំនង និងប្រទេសជិតខាង ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងមកក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន។ សកម្មភាពបានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានធ្វើការចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល សាប៊ូ ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដោយគោលបំណង នៃយុទ្ធនាការនេះ ដើម្បីចូលរួមបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

ជាមួយគ្នានោះផងដែរក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារការឆ្លងជំងឺកូវីដ-១៩ មានដូចខាងក្រោម៖

១៖ អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី១,៥០ម៉ែត្រ។
២៖ លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល។
៣៖ ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន។

ហើយត្រូវគិតគូរអំពីកន្លែងដែលអ្នកត្រូវទៅ និងត្រូវរក្សាសុវត្ថភាព តាមរយៈការចៀសវាងទីកន្លែង៣ គឺ៖

១៖ កន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។
២៖ កន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន។
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។

ក្នុងនោះផងដែរអ្នកស្ម័គ្រចិត្តអប់រំផ្សព្វផ្សាយ បានបិទ Poster ចែកខិត្តប័ណ្ណ និងចែកម៉ាស់ដល់ប្រជានេសាទ និងប្រជាពលរដ្ឋជាពាណិជ្ជករលក់ដូរទំនិញ នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សរុបចំនួន ៧១៣គ្រួសារ មានប្រជាជនចូលរួមសរុបចំនួន ១,៤២៩នាក់ ស្រ្តី ៧២៩នាក់៕